(ប៉េកាំង)៖ ចិនមានគម្រោងចាប់ផ្តើមដំណើរការសាងសង់មូលដ្ឋាន សម្រាប់ការបាញ់បង្ហោះគ្រាប់រ៉ុក្កែត ដែលចេញពីលើផ្ទៃទឹកសមុទ្រនៅឯទីក្រុងយ៉ានតៃ (Yantai) នៃខេត្តសានទុង (Shandong) ភាគខាងកើតប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែសីហា ឆ្នាំ២០១៩។
បើតាមក្រុមហ៊ុនបច្ចេកវិទ្យា និងវិទ្យាសាស្រ្តផ្នែកអាកាសវេហាចិន CASC គម្រោងនេះមានគោលដៅជំរុញឲ្យ ការបាញ់គ្រាប់រ៉ុក្កែតចេញពីលើផ្ទៃសមុទ្រ អាចកើតមានឡើងញឹកញាប់។ កាលពីថ្ងៃទី០៥ ខែមិថុនាកន្លងទៅ ចិនទើបតែសម្រេចជោគជ័យ ក្នុងការបាញ់បង្ហោះគ្រាប់រ៉ុក្កែត Long March-11 មួយគ្រាប់ ចេញពីផ្ទៃទម្រចល័តនៅលើផ្ទៃសមុទ្រលឿងក្បែរខេត្ត Shandong ដែលវាគឺជាលើកដំបូងបំផុត ដែលប្រទេសចិនបានបង្ហោះគ្រាប់រ៉ុក្កែត ឡើងទៅទីអវកាសតាមវិធីសាស្រ្តនេះ។
គួរជម្រាបថា ការបង្ហោះរ៉ុក្កែតចេញពីលើផ្ទៃទឹក មានគុណសម្បត្តិច្រើនជាងការបាញ់ពីផ្ទៃដីធម្មតា ដូចជាកត្តាដែលកន្លែងបាញ់មានលក្ខណៈបត់បែនតាមកាលៈទេសៈ ហើយកម្ទេចកម្ទីគ្រាប់រ៉ុក្កែតដែលធ្លាក់មកក្រោម ក៏នឹងបង្កហានិភ័យតិចតួចបំផុត។ ក្រៅពីនេះវាក៏អាចជួយកាត់បន្ថយការចំណាយថែមទៀតផង៕