(ញូដេលី)៖ ប្រទេសថៃទំនងជានឹងក្លាយជាអតិថិជនដំបូងគេ ដែលទិញមីស៊ីលប្រដេញល្បឿនលឿន ប្រាហ៍ម៉ូស (BrahMos) ដែលជាផលិតផលរបស់ប្រទេសឥណ្ឌា និងរុស្ស៊ីរួមគ្នា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នារសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែសីហា ឆ្នាំ២០១៩។
ប្រភពពីមន្រ្តីយោធាជាន់ខ្ពស់របស់ទីក្រុងញូដេលី បានឲ្យដឹងយ៉ាងដូច្នេះថា កិច្ចចរចារវាងភាគីទាំងពីរកំពុងបន្តប្រព្រឹត្តទៅ ចាប់តាំងតែពីខែធ្នូ ឆ្នាំ២០១៨ ហើយទោះបីជាកិច្ចព្រមព្រៀងមិនអាចកើតឡើងនៅឆ្នាំនេះក៏ដោយ ក៏វាទំនងជានឹងសម្រេចបាននៅឆ្នាំក្រោយ។ កាលពីខែឧសភាកន្លងទៅ ប្រភពមន្រ្តីការពារជាតិឥណ្ឌាក៏ធ្លាប់បានបញ្ជាក់ដែរថា ក្រៅពីថៃក៏នៅមានប្រទេសអាស៊ាន មួយចំនួនទៀត ដែលមានចំណាប់អារម្មណ៍ចំពោះមីស៊ីល BrahMos ដូចជាវៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូណេស៊ី ។
គួរជម្រាបថា មីស៊ីល BrahMos នេះត្រូវបានអភិវឌ្ឍន៍ឡើងរួមគ្នារវាងឥណ្ឌា និងរុស្ស៊ី ប៉ុន្តែប្រើប្រាស់តែក្នុងយោធាឥណ្ឌាប៉ុណ្ណោះ ចាប់តាំងពីឆ្នាំ២០០៦ មកទល់នឹងបច្ចុប្បន្ន។ មីស៊ីលប្រភេទនេះអាចបំពាក់នៅនាវាចម្បាំង នាវាមុជទឹក និងយន្តហោះចម្បាំងបាន ហើយមានតម្លៃខ្ទង់ ២.៧៥លានដុល្លារក្នុងមួយគ្រាប់។ មីស៊ីល BrahMos ត្រូវបានអះអាងថា ជាមីស៊ីលប្រដេញប្រភេទ Cruise Missile ដែលលឿនជាងគេបំផុតនៅលើពិភពលោក។ បច្ចុប្បន្នវាមានល្បឿនលឿនជាងសំឡេង ៤ដង = ៤,៨០០គីឡូម៉ែត្រក្នុងមួយម៉ោង និងកំពុងដំឡើងសមត្ថភាពឲ្យដល់លំដាប់ Mach 5 (លឿនជាងល្បឿនសំឡេង ៥ដង) ថែមទៀត៕