(ហងុកុង)៖ អតីតនាយកប្រតិបត្តិទីក្រុងហុងកុងលោក ទុង ជីវ៉ា (Tung Chee-hwa) បានចោទប្រកាន់សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ជាសាធារណៈតែម្តងថា ជាអ្នកស្ថិតនៅពីក្រោយ និងរៀបចំបាតុកម្មតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងហុងកុង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន South China Morning Post នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែសីហា ឆ្នាំ២០១៩។
លោក Tung Chee-hwa ដែលបច្ចុប្បន្នជាអនុប្រធានសន្និបាតប្រឹក្សានយោបាយប្រជាជនចិន បានធ្វើការចោទប្រកាន់ត្រង់ៗបែបនេះ នៅក្នុងសុន្ទរកថាមួយទៅកាន់អ្នកចូលរួមពិធីទទួល ទានអាហាររៀបចំឡើងដោយវិទ្យាស្ថាន Our Hong Kong Foundation កាលពីថ្ងៃពុធ សប្ដាហ៍នេះ។ លោក Tung បានសង្កត់ធ្ងន់ក្នុងឱកាសនោះថា «ពិតប្រាកដណាស់! វាអាចមានការជ្រៀតជ្រែក ឬលូកដៃពីកម្លាំងខាងក្រៅ ហើយវាមានសញ្ញាបញ្ជាក់ជាច្រើនថា សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់គឺជាអ្នកនៅពីក្រោយរឿងរ៉ាវទាំងអស់នេះ»។
គួរបញ្ជាក់ថា លោក Tung ក៏បានអំពាវនាវឱ្យរដ្ឋបាលទីក្រុងហុងកុងបច្ចុប្បន្ន ដែលដឹកនាំដោយលោកស្រី ខារី ឡាំ (Carrie Lam) ស្ដាប់សាធារណៈមតិ និងប្រឹងដោះស្រាយ បញ្ហាដូចជាផ្ទះសម្បែង សុខាភិបាល ការអប់រំ និងសោធនិវត្តន៍ឱ្យបានផងដែរ។ លោក Tung Chee-hwa បានកាន់តំណែងជានាយកប្រតិបត្តិទីហុងកុងពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៥ គឺអំឡុងពេលដែលហុងកុង ទើបត្រូវបានចក្រភពអង់គ្លេសប្រគល់ឲ្យចិនវិញក្តៅៗប៉ុណ្ណោះ៕