(តូក្យូ)៖ រដ្ឋមន្ត្រីឧស្សាហកម្មជប៉ុនលោក សេកូ ហ៊ីរ៉ូស៊ីកិ (Seko Hiroshige) បានបញ្ជាក់នៅថ្ងៃសុក្រនេះថា ការដកកូរ៉េខាងត្បួងចេញពី «បញ្ជីស» មិនមែនជាចេតនារបស់ជប៉ុន ក្នុងការបំផ្លាញទំនាក់ទំនងជាមួយទីក្រុងសេអ៊ូលនោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ២០១៩។
លោក Seko ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ ក្រោយគណៈរដ្ឋមន្ត្រីជប៉ុនអនុម័តលើផែនការ «ដកកូរ៉េខាងត្បូងចេញពីបញ្ជីស» ឬការលើកលែងពិសេសពាក់ព័ន្ធនឹងការនាំចេញ។ លើសពីនេះទៅទៀត រដ្ឋមន្ត្រីឧស្សាហកម្មជប៉ុនរូបនេះក៏បានអះអាងដែរថា ជប៉ុនត្រៀមខ្លួនជាស្រេចដើម្បីចរចាជាមួយកូរ៉េខាងត្បូង បើសិនជាទីក្រុងសេអ៊ូល កែតម្រូវសេចក្ដីថ្លែងការណ៍របស់ខ្លួនឡើងវិញ ដែលធ្វើឡើងក្រោយជំនួបមួយកាលពីខែកក្កដា ស្ដីពីបញ្ហាបញ្ជីសនេះ។
គួរបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះក៏បានប្រកាសដែរថា ខ្លួននឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការសម្រេចចិត្តរបស់ជប៉ុន ខណៈលោក មូន ជែអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូងនឹងដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដើម្បីពិភាក្សាពីបញ្ហានេះ។
ជម្លោះរវាងជប៉ុន និងកូរ៉េខាងត្បូង បានកើតចេញដំបូងពីការសម្រេចរបស់តុលាការកូរ៉េខាងត្បូង ឲ្យក្រុមហ៊ុនជប៉ុនមួយចំ នួន «ចេញប្រាក់សងជំងឺចិត្តដល់កម្មករកូរ៉េ» ដែលបានធ្វើការងារលើសកម្លាំង កាលពីសម័យសង្គ្រាមលោក។ ក្រោយមកទៀត ជប៉ុនបានសម្រេចថា នឹងធ្វើការរឹតត្បិតទៅលើការនាំចេញវត្ថុធាតុដើមសំខាន់ៗមួយចំនួន ជាពិសេសគឺវត្ថុធាតុដើម្បីផលិតអេក្រង់ និងបន្ទះឈីប ដែលសំខាន់បំផុតមិនអាចខ្វះបាន សម្រាប់ក្រុមហ៊ុនយក្ស កូរ៉េខាងត្បូងដូចជា Samsung និង LG ជាដើម៕