(ហាណូយ)៖ វៀតណាមរកចំណូលបាន ២៧.៣ពាន់លានដុល្លារ និងកើនឡើង ៣.១ភាគរយ ពីការនាំចេញទូរស័ព្ទដៃ និងគ្រឿងបន្លាស់ទៅក្រៅប្រទេស នៅក្នុងរយៈពេល ៧ខែដំបូង នៃឆ្នាំ២០១៩នេះ។ នេះបើតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ដកស្រង់ចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ២០១៩។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានឱ្យដឹងទៀតថា គ្រាន់តែនៅក្នុងខែកក្កដា តែមួយគត់វៀតណាមរកបានចំណូល ៣.៨ពាន់លានដុល្លារពីការលក់ទូរស័ព្ទដៃ និងគ្រឿង បន្លាស់ទៅក្រៅប្រទេស ជាពិសេសទៅកាន់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងកូរ៉េខាងត្បូង។ ដោយឡែក បើគិតពីខែមករា ដល់ខែកក្កដា វៀតណាមក៏បានចំណាយផងដែរប្រាក់ ៧.១ពាន់ដុល្លារក្នុងការនាំចូលទូរស័ព្ទដៃ និងគ្រឿងបន្លាស់វិញផងដែរ។
បច្ចុប្បន្នក្រុមហ៊ុនផលិតទូរស័ព្ទដៃធំៗ ដែលកំពុងរកស៊ីនៅវៀតណាមក្នុងនោះមានដូចជា Samsung និង Nokia ជាដើម ខណៈទូរស័ព្ទស្លាកសញ្ញា Bphone របស់វៀតណាមផ្ទាល់នោះ គឺបាននិងកំពុងចរាចរណ៍លក់តែនៅក្នុងស្រុកប៉ុណ្ណោះ ប៉ុន្តែវៀតណាមក៏មានគំរោងបញ្ចេញវា ទៅលក់នៅទីផ្សារក្រៅប្រទេសឆាប់ៗផងដែរ។
គួរជម្រាបថា កាលពីឆ្នាំ២០១៨ ការនាំចេញទូរស័ព្ទដៃ និងគ្រឿងបន្លាស់បានកា្លយជាប្រភព ចំណូលដ៏សំខាន់ក្នុងចំណោមផលិតនាំចេញដទៃទៀតរបស់វៀតណាម ជាមួយការរកប្រាក់ ចំណូលបានច្រើនជាង ៥០ពាន់លានដុល្លារឯណោះ។ ពោលគឺកើនឡើង១០.៣៥ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៧ ព្រមទាំងតំណាងឱ្យ២០ភាគរយនៃការប្រាក់ចំណូលនាំចេញ សរុបរបស់វៀតណាមទៀតផង៕