(សៀងហៃ)៖ សារព័ត៌មានរដ្ឋចិន Gobal Times បានរាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei កំពុងធ្វើតេស្តស៊េរីស្មាតហ្វូនមួយជាមួយប្រព័ន្ធប្រតិបត្តិការ Hongmeng (Ark OS) ដែលក្រុមហ៊ុនបានសម្ងំអភិវឌ្ឍន៍ខ្លួនឯងផ្ទាល់ ៧ឆ្នាំមកហើយ។ ស្មាតហ្វូននោះ អាចនឹងត្រូវចេញលក់នៅចុងឆ្នាំនេះតែម្តង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០១៩។
បើតាមសេចក្តីរាយការណ៍ដដែល ស្មាតហ្វូនខាងលើនឹងមានតម្លៃប្រហែល ២៨៨ដុល្លារ។ រីឯក្រុមហ៊ុន Huawei ផ្ទាល់មិនទាន់បានចេញមុខផ្តល់ការអត្ថាធិប្បាយអ្វីនៅឡើយទេ ជុំវិញសេចក្តីរាយការណ៍នេះ។ កន្លងទៅក្រុមហ៊ុន Huawei ធ្លាប់បានបញ្ជាក់ថា ប្រព័ន្ធប្រតិបត្តិការ Hongmeng របស់ខ្លួនមិនមែនរចនាឡើងសម្រាប់ស្មាតហ្វូនទេ គឺសម្រាប់ផលិតផលបច្ចេកវិទ្យាដទៃទៀត ដូចជា Smart TV ជាដើម ដែលនឹងបង្ហាញវត្តមានក្នុងពេលឆាប់ៗ។
ប៉ុន្តែងាកទៅមើលកាលពីមុននេះទៀត ក៏ធ្លាប់មានសេចក្តីរាយការណ៍ជាច្រើនអះអាងផងដែរថា Huawei បានធ្វើតេស្តសាកល្បងប្រព័ន្ធ OS នេះនៅលើស្មាតហ្វូនរបស់ក្រុមហ៊ុនចិន ល្បីៗមួយចំនួនផងដែរនៅក្នុងប្រទេសចិន ប៉ុន្តែក្រុមហ៊ុនបានចេញមុខបដិសេធ។
ការសង្ស័យថា ប្រព័ន្ធ Hongmeng OS នឹងបង្ហាញខ្លួននៅលើស្មាតហ្វូនជំនាន់ចុងក្រោយៗរបស់ Huawei បានកើតមានឡើងយ៉ាងផុសផុល បន្ទាប់ពីរដ្ឋាភិបាលអាមេរិក បានកត់ឈ្មោះក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិនមួយនេះ កាលពីខែឧសភាចូលក្នុងបញ្ជីខ្មៅ។ បម្រាមនេះបានគំរាមកំហែងដល់ក្រុមហ៊ុន Huawei ក្នុងការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុនអាមេរិក Google។
បើទោះបីជាលោក ដូណាល់ ត្រាំ កាលពីខែមិថុនាបានសន្យាក្រោយបញ្ចប់ជំនួបជាមួយលោក ស៊ី ជិនពីង ថាអាមេរិកនឹងបន្ធូរបន្ថយការរឹតត្បិតលើ Huawei ក៏ដោយ តែមកទល់ពេលនេះ គេនៅមិនទាន់ឃើញលទ្ធផលជាក់ស្តែងអ្វីឡើយ ហើយនាយកប្រតិបត្តិរបស់ Huawei លោក រិន ចេងហ្វៃ (Ren Zhengfei) ក៏ធ្លាប់បានបញ្ជាក់នាគ្រានោះដែរ ដោយសុំកុំឲ្យគ្រប់គ្នារំពឹងខ្ពស់ពេក ចំពោះការគ្រោងអនុគ្រោះរបស់អមេរិក ហើយ Huawei ក៏កំពុងព្យាយាមផលិតអ្វីៗ ដែលជារបស់ខ្លួនឯងឲ្យបានច្រើន ដើម្បីកាត់បន្ថយការពឹងផ្អែកទៅលើបរិក្ខាមកពីអាមេរិក៕