(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឱ្យដឹងថា លោកបានពិភាក្សាជាមួយមន្ត្រី FBI និងអគ្គរដ្ឋអាជ្ញាអាមេរិកលោក វីលលៀម បារ (William Barr) ពាក់ព័ន្ធនឹងការបាញ់សម្លាប់មនុស្យយ៉ាងរង្គាលនៅក្នុងទីក្រុង អ៊ែលផាសូ (El Paso) និងទីក្រុង ដេយតុន (Dayton) ជាមួយការសន្យាបញ្ចប់អំពើហិង្សាដោយកាំភ្លើង ចំពោះមុខការតវ៉ាប្រកបដោយភាពក្តៅក្រហាយបំផុត ពីសំណាក់ប្រជាជនអាមេរិក នៅមុខសេតវិមាន និងវិមានសភា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០១៩។
ថ្លែងនៅក្នុងពិធីជួបជុំមួយនៅឯទីក្រុង ម៉ូរីសថោន (Morristown) រដ្ឋញូជែស៊ី (New Jersey) លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ការស្អប់ខ្ពើមមិនអាចឈរជើងនៅក្នុងប្រទេសរបស់យើងឡើយ ហើយយើងនឹងយកចិត្តទុកដាក់ចំពោះវាបំផុត ដោយយើងត្រូវតែបញ្ឈប់វាឱ្យបាន... ខ្ញុំក៏បាន ពិភាក្សាពីបញ្ហាទាំងនេះ ជាមួយនាយក FBI លោក គ្រីស្តូហ្វឺ រ៉េយ (Christopher Wray) និងអគ្គរដ្ឋអាជ្ញាអាមេរិកលោក William Barr រួចអស់ហើយដែរ»។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យម្សិលមិញ មានមនុស្សយ៉ាងហោចណាស់ ១០នាក់រួមទាំង ខ្មាន់កាំភ្លើបានបាត់បង់ជីវិតនៅក្នុងការបាញ់ប្រហារមួយ នៅទីក្រុង Dayton នៃរដ្ឋ Ohio ហើយការបាញ់ប្រហារនេះទៀតសោត កើតឡើងមិនទាន់ដល់ ២៤ម៉ោងផងបន្ទាប់ពីខ្មាន់ កំាភ្លើងម្នាក់បាញ់សម្លាប់មនុស្ស ២០នាក់ និងរបួស ២៦នាក់នៅឯទីក្រុង El Paso នៃរដ្ឋ Texas កាលពីល្ងាចថ្ងៃសៅរ៍សប្តាហ៍មុន (ពេលវេលានៅវ៉ាស៊ីនតោន)៕