(បាងកក)៖ ភ្លៀងនៅតែបន្តធ្លាក់ខ្លាំងនៅឯតំបន់ ថាសុងយ៉ាង (Tha Song Yang) ដែលជាស្រុកស្ថិតនៅភាគពាយ័ព្យបំផុតនៃខេត្តតាក (Tak) ប្រទេសថៃ បានបង្កជាគ្រោះរអិលបាក់ដីជាច្រើនកន្លែង ដែលបានឆក់យកជីវិតមនុស្ស ០២នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ២០១៩។
ជាមួយគ្នានោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយថៃសាកសពជនរងគ្រោះទី ២ នៅក្នុងគ្រោះរអិល បាក់ដីត្រូវបានគេរកឃើញនៅថ្ងៃសុក្រនេះ នៅក្នុងស្រុក Tha Song Yang បន្ទាប់ពីសាកសព ជនរងគ្រោះទី ១ ក៏ត្រូវបានគេរកឃើញផងដែរកាលពីថ្ងៃពុធ។ ចំណែកឯអាជ្ញាធរ និងក្រុមអ្នកជួយសង្រ្គោះនៅតែបន្តការងាររបស់ពួកគេក្នុងការផ្ដល់ជំនួយដល់ប្រជាជនរងគ្រោះ និងតាមស្វែងរកអ្នកដែលត្រូវបានគេរាយការណ៍ថាបាត់ខ្លួន។
គួរជម្រាបថា អាជ្ញាធរឧតុនិយមថៃបានចេញការព្រមានជាពិសេសដល់ប្រជាជននៅខេត្ត ភាគខាងកើត និងខាងត្បូងនៃប្រទេស ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លៀងដែលនឹងបន្ត ធ្លាក់ពីថ្ងៃសុក្រនេះរហូតដល់ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ៕