(ប៉េកាំង)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei នាថ្ងៃសុក្រនេះ បានបង្ហាញជាផ្លូវការនូវប្រព័ន្ធប្រតិបត្តិការ (Operating System ឬ OS) ដែលស្នាដៃផលិតរបស់ក្រុម Developers របស់ក្រុមហ៊ុនផ្ទាល់ និងមានឈ្មោះផ្លូវការថា HarmonyOS សម្រាប់ទីផ្សារទាំងក្នុងស្រុកចិន និងអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ២០១៩។
ក្នុងសន្និសីទដ៏ធំបំផុតមួយមិនធ្លាប់មាន ដែលរៀបចំឡើងនៅទីក្រុងតុងក្វាន (Dongguan) នាថ្ងៃសុក្រនេះក្រុមហ៊ុន Huawei បានបញ្ចេញប្រព័ន្ធប្រតិបត្តិការថ្មីមួយឈ្មោះថា HarmonyOS ខណៈកន្លងមកវាត្រូវបានគេរាយការណ៍ថា មានឈ្មោះ HongmengOS ឬក៏ ArkOS។ ប្រព័ន្ធប្រតិបត្តិការនេះនឹងដំណើរការ នៅលើឧបករណ៍បច្ចេកវិទ្យាជាច្រើនប្រភេទ រួមមានស្មាតហ្វូន ថេប្លេត នាឡិកា ទូរទស្សន៍ រថយន្ត និងកុំព្យូទ័រយួរដៃជាដើម ដោយកន្លងមកមានការអះអាងថា វាមានសុវត្ថិភាព និងល្បឿនលឿនជាងប្រព័ន្ធប្រតិបត្តិការ Android OS របស់ក្រុមហ៊ុនអាមេរិក Google រហូតដល់ទៅ ៦០%ឯណោះ។
ប៉ុន្មានខែចុងក្រោយនេះ មានសេចក្តីរាយការណ៍ព័ត៌មានជាច្រើន ពាក់ព័ន្ធនឹងវត្តមាននៃប្រព័ន្ធប្រតិបត្តិការថ្មីខាងលើរបស់ក្រុមហ៊ុន Huawei ចាប់តាំងតែពីរដ្ឋាភិបាលអាមេរិក កត់ឈ្មោះក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ ចូលក្នុងបញ្ជីខ្មៅពាណិជ្ជកម្មរបស់ខ្លួន ដែលវាប៉ះពាល់ដល់ទំនាក់ទំនងអាជីវកម្មរវាង Huawei និងក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកជាពិសេសគឺ Google តែម្តង។
គួរជម្រាបថា មុនពេលបង្ហាញខ្លួនប្រព័ន្ធប្រតិបត្តិការ HarmonyOS ឬ HongmengOS នេះ ក្រុមហ៊ុន Huawei ធ្លាប់បានបញ្ជាក់ថា OS នេះមិនមែនរចនាឡើងសម្រាប់ស្មាតហ្វូនទេ គឺសម្រាប់ឧបករណ៍បច្ចេកវិទ្យាផ្សេងទៀត ដូចជាឧបករណ៍ Smart Screen ដែលស្រដៀងនឹង Smart TV ជាដើម។ ស្របពេលជាមួយគ្នាក៏មានសេចក្តីរាយការណ៍ព័ត៌មានផងដែរថា Huawei កំពុងតែធ្វើតេស្ត OS នេះនៅលើស្មាតហ្វូនមួយស៊េរីរបស់ខ្លួន ដែលអាចចេញលក់នៅចុងឆ្នាំនេះ។ គួរបញ្ជាក់បន្ថែមថា នេះជាលើកដំបូងបំផុតដែល Huawei ទទួលស្គាល់ជាផ្លូវការអំពី OS ផ្ទាល់ខ្លួនដែលមានឈ្មោះថា Harmony៕