(វ៉ាស៊ីនតោន)៖ ការិយាល័យប៉ូលិសសហព័ន្ធអាមេរិក FBI កំពុងស្វែងរកដៃគូរក្នុងការប្រមូល និងតាមដានព័ត៌មានរបស់អ្នកប្រើប្រាស់ នៅលើបណ្ដាញទំនាក់ទំនងសង្គមក្នុងនោះរួមមាន Facebook និង Twitter ក្នុងករណីតម្រូវណាមួយ ដើម្បីផលប្រយោជន៍សន្តិសុខជាតិអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ២០១៩។
នៅក្នុងសំណើមួយសម្រាប់ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គម ចេញផ្សាយដោយប្រព័ន្ធ ផ្សព្វផ្សាយអាមេរិកបានឱ្យដឹងទៀតថា ដោយសារតែការកើនឡើងនៃការប្រើប្រាស់បណ្ដាញ ទំនាក់ទំនងសង្គម និងដើម្បីផលប្រយោជន៍សន្តិសុខជាតិ វាគឺជារឿងចាំបាច់ក្នុងការទទួលបាន សេវាមួយដែលនឹងអនុញ្ញាតឱ្យ FBI កំណត់ ឬបញ្ជាក់ព័ត៌មានបានមកពី Twitter, Facebook, Instagram និងបណ្ដាញទំនាក់ទំនងសង្គមដទៃទៀត។ បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក FBI និងក្រុមហ៊ុនជាដៃគូរនៃគម្រោងខាងលើ នឹងប្រមូលទិន្នន័យអ្នកប្រើប្រាស់ក្រោមច្បាប់អនុញ្ញាត ដោយមិនឱ្យប៉ះពាល់ដល់ព័ត៌មានឯកជន និងសិទ្ធិស៊ីវិលរបស់អ្នកប្រើប្រាស់នោះទេ។
ដោយឡែក បើគេចាំមិនភ្លេចទេ CNN ធ្លាប់បានរាយការណ៍កាលពីឆ្នាំ២០១៦ដែរថា FBI បាន ជួយក្រុមហ៊ុនវិភាគទិន្នន័យ Dataminr ឱ្យប្រមូលទិន្នន័យដែលពាក់ព័ន្ធនឹងការបង្កគ្រោះថ្នាក់ដល់ សន្តិសុខជាតិអាមេរិកក្នុងករណីចំបាច់។ ប៉ុន្តែគេមិនទាន់បញ្ជាក់ឱ្យច្បាស់ថា ក្រុមហ៊ុនដដែលនេះអាចនឹងទទួលបានកិច្ចសន្យាថ្មី ឬក៏យ៉ាងណានោះទេ ខណៈFBI ផ្ទាល់មិនទាន់មានប្រតិកម្ម អ្វីនោះទេជុំវិញបញ្ហានេះ៕