(ម៉ូស្គូ)៖ រដ្ឋាភិបាលរុស្ស៊ីបានសម្រេចផ្ដល់មេដាយកិត្តិយសថ្នាក់ជាតិ ដល់ក្រុមមន្ត្រីជំនាញផ្នែកអាវុធនុយក្លេអ៊ែរចំនួន ០៥រូប ដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ផ្ទុះមួយ កំឡុងពេលធ្វើតេស្ដមីស៊ីលនៅឯតំបន់ អាខាងជែលស៍ (Arkhangelsk) នៃភាគពាយ័ព្យប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩។
អ្នកជំនាញទាំង ០៥នាក់ខាងលើដែលបម្រើការឱ្យ មជ្ឈមណ្ឌលនុយក្លេអ៊ែរសហព័ន្ធរុស្ស៊ី (RFNC) ត្រូវបានផ្ដល់ជូននូវមេដាយកិត្តិយសជាតិ ក្នុងនាមជាវារៈបុរសជាតិដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិ។ ការផ្ទុះយ៉ាងអាថ៌កំបាំងមួយបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន កំឡុងពេលនៃការធ្វើតេស្ដមីស៊ីលមួយ នៅឯកន្លែងធ្វើសាកល្បងនៅសមុទ្រស (White Sea) ដោយវាបានបណ្ដាលឥន្ធនៈសម្រាប់រុញច្រានរ៉ុក្កែតស្រាប់តែឆាបឆេះ និងផ្ទុះឡើងតែម្តង នាំឱ្យមនុស្សជាច្រើននាក់ខ្ទាតចូលទឹកសមុទ្រ ហើយក្នុងនោះ០៥នាក់បានស្លាប់។
គួរបញ្ជាក់ថា ជុំវិញករណីផ្ទុះនេះមិនទាន់មានប្រភពផ្លូវការណាមួយ ចេញមកបញ្ជាក់ឱ្យច្បាស់ពីមូលហេតុនៅឡើយទេ ខណៈអាជ្ញាធរក្នុងទីក្រុងសេវែរ៉ូដវីងស៍ (Severodvinsk) នៃតំបន់ Arkhangelsk បានអះអាងត្រឹមថា បញ្ហាលេចធ្លាយសារធាតុវិទ្យុសកម្ម ត្រូវបានដោះស្រាយរួចហើយ ខណៈក្រសួងការពារជាតិរុស្ស៊ីវិញ ក៏បានបញ្ជាក់បន្ថែមទៀតដែរថា ពុំមានសារធាតុវិទ្យុសកម្មក្នុងកម្រិតគ្រោះថ្នាក់ទៀតនោះឡើយ នៅតំបន់ខាងលើនេះក្រោយកើតហេតុ៕