(សេអ៊ូល)៖ ក្រសួងពាណិជ្ជកម្ម ឧស្សហកម្ម និងថាមពលកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបានប្រកាសពីផែនការដកជប៉ុន ចេញពីបញ្ជីសរបស់ខ្លួន ដើម្បីលុបចោលការអនុគ្រោះ ពិសេសនៃការធ្វើពាណិជ្ជកម្មមួយចំនួនសម្រាប់ទីក្រុងតូក្យូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩។
រដ្ឋមន្ត្រីពាណិជ្ជកម្ម ឧស្សហកម្ម និងថាមពលកូរ៉េខាងត្បូង លោក ស៊ុង យុនម៉ូ (Sung Yun-mo) ក៏បានបញ្ជាក់ឱ្យដឹងដែរថា ការចាត់វិធានការខាងលើគ្រោងនឹងត្រូវចូលជាធរមាន នៅខែកញ្ញាខាងមុខជាការឆ្លើយតបទៅនឹងជប៉ុន ដែលបានប្រកាសដកទីក្រុងសេអ៊ូល ចេញពីបញ្ជីស និងរឹតត្បិតលើការនាំចេញវត្ថុធាតុដើមសំខាន់ៗ ដល់ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូងនោះតែម្តង។
គួរជម្រាបថា ជម្លោះពាណិជ្ជកម្មរវាងទីក្រុងសេអ៊ូល និងទីក្រុងតូក្យូបានផ្ទុះឡើងក្រោយ ជប៉ុនប្រកាសដកទីក្រុងសេអ៊ូលចេញពីបញ្ជីស ជាការឆ្លើយតបនឹងតុលាការកូរ៉េខាងត្បូង ដែលបានបង្គាប់ឱ្យក្រុមហ៊ុនជប៉ុនមួយចំនួន សងសំណងជំងឺចិត្តដល់អតីតកម្មករកូរ៉េខាងត្បូង ដែលត្រូវបានបង្ខំឱ្យធ្វើការនៅក្នុងឧស្សហកម្ម នៅកំឡុងសង្រ្គាមលោកលើកទី ២។ ទោះបីជាបែបនេះក្តីអ្វីៗហាក់ប្រសើរឡើងវិញបន្តិចកាលពីសប្តាហ៍មុន ដោយជប៉ុនព្រមអនុញ្ញាត ការលក់វត្ថុធាតុដើមមួយឡើងវិញដល់កូរ៉េខាងត្បូង ប៉ុន្តែនៅថ្ងៃចន្ទនេះស្ថានការណ៍បែរជាប្រែមកតានតឹងដូចដើម៕