(ញូដេលី)៖ តួលេខមនុស្សស្លាប់បានកើនដល់ ១៤៧នាក់ហើយ ដោយសារទឹកជំនន់ នៅតាមរដ្ឋជាប់បណ្តោយឆ្នេរភាគខាងលិចនៃប្រទេសឥណ្ឌារួមមាន ឃើរ៉ាឡា (Kerala), ការណាតាកា (Karnataka), និងមហារ៉ាស្ត្រា (Maharashtra) ជាដើម។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩។
ក្នុងចំណោមនោះរដ្ឋ Kerala តែឯងមានមនុស្សស្លាប់រហូតដល់ ៥៧នាក់ និងជាង ១៦៥,០០០នាក់ត្រូវបានជម្លៀសទៅកាន់ជំរុំស្នាក់នៅបណ្តោអាសន្ន។ កាលពីឆ្នាំមុនមនុស្សជាង ២០០នាក់បានបាត់បង់ជីវិតនៅក្នុងរដ្ឋនេះ និងជាង ០៥លាននាក់រងផលប៉ះពាល់។ ដោយឡែកនៅរដ្ឋ Karnataka វិញសំណង់មួយចំនួនក្នុងបរិវេណក្រុងបុរាណ ហាំពី (Hampi) ដែលស្ថិតក្នុងបញ្ជីបេតិកភណ្ឌពិភបលោក ត្រូវបានជន់លិច។ នៅទីនោះមនុស្ស៦០នាក់បានស្លាប់ និងជិត២២៧,០០០នាក់ កំពុងស្នាក់នៅក្នុងជំរំបណ្តោះអាសន្ន។ នៅរដ្ឋ Maharashtra មាន មនុស្សបាត់បង់ជីវិត៣០នាក់ និងមានប្រជាជនត្រូវជម្លៀសខ្លួនរាប់សែននាក់ដូចគ្នា។
គួរជម្រាបថា ក្នុងរដូវភ្លៀងឆ្នាំនេះក្រៅពីរដ្ឋទាំង ០៣ខាងលើ គ្រោះទឹកជំនន់ក៏បានបង្កការបំផ្លិចបំផ្លាញ និងឆក់យកជីវិតមនុស្សនៅរដ្ឋដទៃមួយចំនួនទៀត រួមមាន ហ្គូចារ៉ាត់ (Gujarat) ស្ថិតនៅភាគខាងលិច ព្រមទាំងរដ្ឋអាស្សាម (Assam) និងរដ្ឋប៊ីហារ (Bihar) ដែលនៅភាគខាងកើត និងភាគឦសាន។ កន្លងទៅកាលពីកំឡុងខែកក្កដា មនុស្សជាង ២០០នាក់បានស្លាប់នៅក្នុងរដ្ឋទាំងពីរ ខណៈប្រទេសអាស៊ីខាងត្បូងដទៃទៀតដូចជា ប៉ាគីស្ថាន នេប៉ាល់ និងបង់ក្លាដែសសុទ្ធតែបានទទួលរងគ្រោះដូចគ្នា៕