(ហុងកុង)៖ ទីក្រុងប៉េកាំងប្រកាសនៅមុននេះបន្តិចដោយធ្វើការថ្កោលទោស និងចាត់ទុកក្រុមបាតុករនៅទីក្រុងហុងកុងថា «កំពុងប្រព្រឹត្តអំពើភេរវកម្ម» ខណៈអាជ្ញាធរអាកាសយានដ្ឋានទីក្រុងហុងកុង បានសម្រេចចិត្តលុបចោលជើងហោះហើរទៅ និងមកដែលនៅសល់ទាំងអស់នៅថ្ងៃចន្ទនេះ បន្ទាប់ពីក្រុមបាតុកររាប់ពាន់នាក់ប្រមូលផ្ដុំ គ្នាតវ៉ាយ៉ាងក្តៅគគុកនៅឯអាកាសយានដ្ឋានអន្តរជាតិហុងកុង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អាជ្ញាធរក្រុងហុងកុងក៏បានបញ្ជាក់ដែរថា ជើងហោះហើរទាំងអស់ គឺទាំងទៅទំាងមកដែលមិនទាន់ checked in ត្រូវបានលុបចោលទាំងអស់។ មិនតែប៉ុណ្ណោះពួកគេថែមទាំងបង្គាប់ឱ្យសាធារណជនទាំងអស់ កុំធ្វើដំណើរទៅកាន់អាកាសយានដ្ឋានទៀតផង ប៉ុន្តែជើងហោះហើរដែលមកដល់អាកាសយានដ្ឋាននេះរួចរាល់ហើយ គឺអាចធ្វើការចុះចតបាន។
គួរបញ្ជាក់បន្ថែមថា ជុំវិញបាតុកម្មនេះរដ្ឋាភិបាលចិនដីគោកបានថ្កោលទោយយ៉ាងខ្លាំង ព្រមទាំងបានចាត់ទុកបាតុកម្មដ៏ហិង្សាក្នុងទីក្រុងហុងកុង គឺជាសកម្មភេរវកម្ម ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ទេថា តើទីក្រុងប៉េកាំងនឹងមានចំណាត់ការបែបណា ទៅលើបាតុកម្មក្នុងទីក្រុងស្វយ័តរបស់ខ្លួន ដែលបានអូសបន្លាយមករាប់ខែមកហើយនេះទេ៕