(បូស្ដុន)៖ ទូររថភ្លើងក្រោមដីថ្មីមួយដែលផលិតដោយក្រុមហ៊ុនផ្លូវដែកចិន CRRC សម្រាប់ប្រជាជននៅទីក្រុងបូស្ដុន (Boston) បានចាប់ផ្ដើមដំណើរការជាលើកដំបូងរបស់ខ្លួនហើយ នៅថ្ងៃពុធសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០១៩។

ទូរចំនួន ០៦ដំបូងក្នុងចំណោមទូររថភ្លើងក្រោមដីសរុប ១៥២ទូរ បានចាប់ផ្ដើមប្រតិបត្តិការនៅលើប្រព័ន្ធខ្សែរថភ្លើងក្រោមដី អូរ៉េងជ៍ (Orange) នៃប្រព័ន្ធ MBTA ក្នុងទីក្រុងបូស្ដុន នៃរដ្ឋម៉ាស្សាជូសេតស៍ (Massachusetts) នៅព្រឹកថ្ងៃពុធសប្ដាហ៍នេះជាមួយការរំពឹងថា វាអាចនឹងបង្កើនសមត្ថភាពដឹកអ្នកដំណើរ ៣០,០០០នាក់ជារៀងរាល់ថ្ងៃ។

Orange គឺជាខ្សែរថភ្លើងក្រោមដីដ៏សំខាន់មួយក្នុងទីក្រុងបូស្ដុន ដែលធ្វើដំណើរកាត់តាមតំបន់សំខាន់ៗដូចជា សាលាវេជ្ជសាស្ត្រហាវ៉ាដ (Harvard Medical School), សាកលវិទ្យាណតស៍អ៊ីស្ទើន (Northeastern University), សាលតន្ត្រីប៊ឺគ្លី (Berklee College of Music), សារមន្ទីរបាំងឃើហៀល (Bunker Hill Monument) និងឆាយណាថោន (Chinatown) ផងដែរ។

គួរបញ្ជាក់ថា ខណៈការផលិតទូររថភ្លើងថ្មីកំពុងបន្តធ្វើឡើង ក្រុមហ៊ុនចិន CRRC នៅក្នុងខែឧសភាបានឱ្យដឹងថា ខ្លួនមានផែនការបង្កើតការងារបន្ថែម ព្រមទាំងជួលបុគ្គលិក ឬកម្មករក្នុងតំបន់ ២៦០នាក់នៅត្រឹមឆ្នាំ២០២១៕