(អូតតាវ៉ា)៖ ស្ថានទូតចិនប្រចាំទីក្រុងអូតតាវ៉ា បានព្រមានកាណាដាឱ្យបញ្ឈប់ការលូកដៃចូល កិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុងជាបន្ទាន់ បន្ទាប់ពីប្រទេសមួយនេះបានចេញសេចក្ដីថ្លែងការណ៍ រួម ជាមួយសហភាពអឺរ៉ុបស្ដីពីកិច្ចការពារ «សិទ្ធិប្រមូលផ្ដុំជាមូលដ្ឋាន» សម្រាប់ប្រជាជនហុងកុង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ស្ថានទូតចិនបានបញ្ជាក់ដូច្នេះថា៖ «កាណាដាត្រូវតែបញ្ឈប់ ជាបន្ទាន់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុង និងកិច្ចការផ្ទៃក្នុងរបស់ចិន ...ហើយម្យ៉ាងវិញទៀត ក្រោមស្ថានភាពបច្ចុប្បន្ន ភាគីកាណាដាគួរតែប្រុងប្រយ័ត្នចំពោះ ពាក្យសម្ដី ឬការអត្ថាធិប្បាយណាមួយពាក់ព័ន្ធនឹងទីក្រុងហុងកុង»។
គួរបញ្ជាក់ថា ក្រសួងការបរទេសកាណាដា មិនទាន់បញ្ចេញប្រតិកម្មអ្វីតបទៅនឹងការព្រមានរបស់ ស្ថានទូតចិននោះទេ ខណៈប្រទេសទាំងពីរកំពុងមានជម្លោះការទូតនឹងគ្នាស្រាប់។ បច្ចុប្បន្ន ពលរដ្ឋកាណាដា ៣០០,០០០នាក់កំពុងរស់នៅក្នុងទីក្រុងហុងកុង៕