(វ៉ាស៊ីនតោន)៖ សេចក្ដីរាយការណ៍ពីបំណងទិញកោះ Greenland ពីដាណឺម៉ាករបស់ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មិនមែនជារឿងកំប្លែងឡើយ បន្ទាប់ពីទីប្រឹក្សាសេដ្ឋកិច្ចសេតវិមាន និងលោក ត្រាំ ខ្លួនឯងផ្ទាល់សុទ្ធតែបានបង្ហាញពីមហិច្ឆតា ចង់ទិញកោះដ៏ធំបំផុតនៅលើពិភពលោកមួយនេះធ្វើជាកម្មសិទ្ធិ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩។
យោងតាមទីប្រឹក្សាសេដ្ឋកិច្ចសេតវិមាន លោក ឡេរី ឃូដឡូ (Larry Kudlow) លោក ត្រាំ មើលឃើញថា គ្រីនឡេនដ៍ (Greenland) គឺជាអចលនទ្រព្យដ៏ល្អមួយ និងកំពុងសម្លឹងពីលទ្ធភាពទិញដែនកោះមួយនេះ។ លោក Kudlow បានបញ្ជាក់ប្រាប់ទូរទស្សន៍ Fox News នៅថ្ងៃអាទិត្យសប្តាហ៍មុន (ពេលវេលានៅវ៉ាស៊ីនតោន) យ៉ាងដូច្នេះថា «ខ្ញុំមិនចង់ព្យាករពីលទ្ធផលឡើយតែខ្ញុំគ្រាន់តែដឹងថា លោកប្រធានាធិបតី មានចំណេះដឹងយ៉ាងទូលំទូលាយពីការទិញអចលនទ្រព្យ និងកំពុងសម្លឹងមើលពីលទ្ធភាពទិញកោះ Greenland»។
ទីប្រឹក្សាសេដ្ឋកិច្ចសេតវិមានរូបនេះបានបន្ថែមទៀតថា «ដាណឺម៉ាកគួរតែលក់ Greenland ឱ្យ សហរដ្ឋអាមេរិកពីព្រោះប្រទេសទាំងពីរ គឺជាសម្ព័ន្ធមិត្តនឹងគ្នា»។ លើសពីនេះទៅទៀត លោក ត្រាំ ខ្លួនឯងផ្ទាល់ក៏បានបង្ហាញពីមហិច្ឆតាទិញកោះយក្សមួយនេះដែរ ជាមួយការអះអាងថា លោកនឹងពិភាក្សាពីរឿងនេះជាមួយដាណឺម៉ាក កំឡុងពេលលោកបំពេញទស្សនកិច្ច ទៅកាន់ប្រទេសដាណឺម៉ាកក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ថា កោះទឹកកក Greenland មានផ្ទៃដីសុទ្ធប្រមាណ ២,១៦៦,០៨៦គីឡូម៉ែត្រក្រឡា ស្មើនឹងទំហំផ្ទៃដីនៃមហាសេដ្ឋកិច្ចប្រេងអារ៉ាប៊ីសាអូឌីតមួយទាំងមូលទៅហើយ និងមានប្រជាជនដាណឺម៉ាករស់នៅជិត ៥៦,០០០នាក់។ ដោយឡែក ជុំវិញសេចក្ដីរាយការណ៍ពីការចង់ទិញកោះនេះដែរ រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក បានអះអាងថា Greenland បើកចំហរចំពោះការធ្វើពាណិជ្ជកម្ម ប៉ុន្តែកោះមួយនេះមិនមែនទុកសម្រាប់លក់នោះទេ។
គួររំលឹកថា កាលពីឆ្នាំ២០១៨ ប្រទេសចិនក៏បាន ស្នើសុំធ្វើការវិនិយោគ និងធ្វើការសាងសង់ព្រលានយន្តហោះចំនួនបី នៅលើកោះទឹកកកយក្សនេះដែរ ប៉ុន្តែមិនបានសម្រេច ព្រោះរដ្ឋាភិបាលដាណឺម៉ាក ធ្វើការទាមទារលក្ខខណ្ឌជ្រុលហួសពេក ហើយអ្វីដែលពិសេសនោះ គឺប្រទេសអឺរ៉ុបមួយនេះត្រូវមើលទឹកមុខទីក្រុងវ៉ាស៊ីនតោនសិន មុននឹងសម្រេចចិត្តអនុញ្ញាតឲ្យចិនវិនិយោគ៕