(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកនឹងជ្រើសរើស លោក ម៉ៃក៍ ភែន (Mike Pence) ធ្វើជាបេក្ខជនអនុប្រធានាធិបតីដដែល សម្រាប់សម្រាប់យុទ្ធនាការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មី នៅខែវិច្ឆិកាឆ្នាំ២០២០ខាងមុខ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្សី Sputnik នារសៀលថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ ២០១៩។
ឆ្លើយតបទៅនឹងសំនួររបស់អ្នកកាសែតដែលបានសួរថា តើលោកមានចំណាប់អារម្មណ៍ ក្នុងការផ្លាស់ប្តូរដៃគូរបស់លោកម្រាប់យុទ្ធនាការបោះឆ្នោតអាណត្តិថ្មី នៅខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខដែរឬទេ? លោក ដូណាល់ ត្រាំ បានឆ្លើយតបយ៉ាងដូច្នេះថា «ខ្ញុំសប្បាយចិត្តណាស់ជាមួយ លោក ម៉ៃក៍ ភែន (Mike Pence)។ ខ្ញុំគិតថា លោកគឺជាបុគ្គលដ៏ឆ្នើមម្នាក់... លោកជាមនុស្សដែលគួរឲ្យទុកចិត្ត និងមានអ្នកស្រលាញ់ពេញចិត្តលោកច្រើនណាស់ រួមទាំងខ្ញុំផងដែរ។ ខ្ញុំមិនផ្លាស់ប្តូរលោកទេ ហើយខ្ញុំគិតថា មនុស្សភាគច្រើនក៏ធ្វើដូចខ្ញុំដែរ»។
គួរជម្រាបថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកអាណត្តិថ្មី នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ ខណៈលោក ត្រាំ បានចាប់ផ្តើមយុទ្ធនាការបោះឆ្នោតឡើងវិញ ជាផ្លូវការនៅទីក្រុងអូឡេនដូ (Orlando) រដ្ឋ Florida កាលពីពាក់កណ្តាលខែកក្កដាមកហើយដែរ។ សង្គ្រាមពាណិជ្ជកម្ម ការរាំងខ្ទប់ជនអន្តោប្រវេសន៍ និងការតម្កល់ផលប្រយោជន៍អាមេរិកជាធំ នឹងនៅតែជាគោលនយោបាយដ៏សំខាន់ សម្រាប់ការដណ្តើមប្រជាប្រិយភាព៕