(ញូដេលី)៖ ភ្លៀងធ្លាក់ខ្លាំងដែលបង្កទៅជាគ្រោះទឹកជំនន់ និងការបាក់ដីនៅបណ្តារដ្ឋ ចំនួនបី ស្ថិតនៅភាគខាងជើងប្រទេសរួមមាន ហ៊ីម៉ាចាល់ ប្រាដែស (Himachal Pradesh), យូតថារ៉ាខាន់ (Uttarakhand) និងផាន់ចាប់ (Punjab) បានឆក់យកជីវិតមនុស្ស ៤០នាក់ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០១៩។
អាជ្ញាធរគ្រប់គ្រងគ្រាមានអាសន្នរបស់ឥណ្ឌាបានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងបានចាប់ផ្តើម សង្គ្រប់ទៅលើបណ្តារដ្ឋខាងលើនេះ ជាពិសេសតំបន់ទេសចរណ៍ ស៊ីមឡា (Shimla) នៅក្នុងរដ្ឋ ហ៊ីម៉ាចាល់ ប្រាដែស ដែលមានមនុស្សម្នារស់នៅច្រើន។ រហូតមកដល់ថ្ងៃអង្គារនេះ ពុំទាន់មាន របាយការណ៍ណាមួយ ដែលបញ្ជាក់អំពីចំនួនមនុស្សបាត់ខ្លួននោះឡើយ ខណៈភ្លៀងបានចាប់ ផ្តើមធ្លាក់ខ្លាំង តាំងពីចុងសប្តាហ៍មុនមកម្ល៉េះមកលើភាគខាងជើង។
គួរបញ្ជាក់ថា ភាគខាងជើង ខាងលិច ខាងត្បូង និងខាងកើតរបស់ឥណ្ឌា សុទ្ធតែបាននិង កំពុងទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងការរអិលបាក់ដីដូចគ្នា ដែលវាពិតជាមានស្ថានភាពធ្ងន់ធ្ងរខ្លាំង បើធៀបនឹងប្រទេសជិតខាងដូចជាប៉ាគីស្ថាន នេប៉ាល់ បង់ក្លាដែស និងមីយ៉ាន់ម៉ាជាដើម។ ដោយឡែកបូកថែមនឹងចំនួនមនុស្សស្លាប់ ៤០នាក់បន្ថែមទៀតលើកនេះ ធ្វើឲ្យចំនួនមនុស្សស្លាប់សរុប ដោយសារគ្រោះធម្មជាតិប្រភេទនេះ នៅទូទាំងប្រទេសឥណ្ឌា ក្នុងរដូវភ្លៀងធ្លាក់នៃឆ្នាំ២០១៩ នេះកើនឡើងដល់ជិត ៣០០នាក់ហើយ៕