(ប៉េកាំង)៖ ក្រោយអាមេរិកសម្រេចបន្តពន្យារពេលអនុវត្តន៍បម្រាមរយៈពេល ៩០ថ្ងៃទៀត ក្រុមហ៊ុន Huawei នាថ្ងៃអង្គារនេះបានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបថា ទង្វើនេះនឹងមិនអាចកែប្រែនូវធាតុពិតជាក់ស្តែង នៃការគាបសង្កត់ដោយអយុត្តិធម៌របស់​អាមេរិកមកលើ Huawei ឡើយ។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០១៩។

កាលពីចន្ទម្សិលមិញនេះ ក្រសួងពាណិជ្ជកម្មអាមេរិកបានសម្រេចពន្យារពេលជាលើកទី ២ ដែលនឹងមានរយៈពេល ៩០ថ្ងៃទៀត ដើម្បីឲ្យក្រុមហ៊ុន Huawei បន្តការទិញគ្រឿងបរិក្ខា និងសេវាកម្មពីក្រុមហ៊ុនអាមេរិក។ ប៉ុន្តែទន្ទឹមគ្នានេះក្រុមហ៊ុនចំនួន ៤៦ទៀត ដែលជាបុត្រសម្ព័ន្ធរបស់ Huawei ត្រូវចាត់បញ្ជូលក្នុងបញ្ជីខ្មៅពាណិជ្ជកម្មអាមេរិក ដែលធ្វើឲ្យចំនួនសរុបកើនដល់ជាង ១០០ហើយ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Huawei ការសម្រេចចិត្តខាងលើ គឺត្រូវបានធ្វើឡើងក្រោមហេតុផលនយោបាយ ដោយពុំមានពាក់ព័ន្ធអ្វីនឹងបញ្ហាសន្តិសុខជាតិឡើយ ហើយវារំលោភលើគោលការណ៍ជាមូលដ្ឋាន នៃការប្រកួតប្រជែងនៅក្នុងទីផ្សារសេរី។ Huawei បានបន្តថា ការដាក់បម្រាមមកលើខ្លួន នឹងមិនផ្តល់ប្រយោជន៍ដល់ភាគីណាមួយឡើយ រួមមានទាំងខាងក្រុមហ៊ុនរបស់អាមេរិក ហើយការព្យាយាមរាំងខ្ទប់អាជីវកម្មរបស់ក្រុមហ៊ុន Huawei នឹងមិនអាចជួយសហរដ្ឋអាមេរិក ឲ្យសម្រេចបាននូវការនាំមុខគេផ្នែកបច្ចេកវិទ្យា នៅលើពិភពលោកនោះទេ។

គួរជម្រាបថា ក្រុមហ៊ុន Huawei អាចបន្តទិញគ្រឿងបរិក្ខា និងសេវាកម្ម ដែលចាំបាច់សម្រាប់ផលិតផលរបស់ខ្លួនដូចជាស្មាតហ្វូន និងឧបករណ៍បណ្តាញទូរគមនាគមន៍បានរយៈពេល ៩០ថ្ងៃទៀត បន្ទាប់ពីការពន្យារពេលលើកទីមួយ បានផុតកំណត់កាលពីខែចន្ទដើមសប្តាហ៍នេះ ហើយក្រុមហ៊ុនទូរគមនាគមន៍អាមេរិក ក៏អាចបន្តទិញឧបករណ៍ Network របស់ Huawei ជាធម្មតាដែរ។ យ៉ាងណាមិញថ្មីៗកន្លងទៅនេះ អាមេរិកបានចាប់ផ្តើមអនុវត្តន៍ជាផ្លូវការ នូវការហាមស្ថាប័នរដ្ឋាភិបាលរបស់ខ្លួន ពីការទិញផលិតផលនិង សេវាកម្មពីក្រុមហ៊ុនបច្ចេកវិទ្យាចិនរួមមានដូចជា Huawei និង ZTE ជាដើម៕