(ហុងកុង)៖ មេដឹកនាំទីក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) នៅថ្ងៃអង្គារនេះ បានបង្ហាញក្ដីសង្ឃឹមថា បាតុកម្មតវ៉ាប្រឆាំងរដ្ឋាភិបាលរបស់លោកស្រី ដោយសន្តិវិធីកាលពីចុងសប្ដាហ៍កន្លងទៅ នឹងក្លាយជាចំណុចចាប់ផ្ដើមមួយ នៃការស្ដារសន្តិភាពឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០១៩។

លោកស្រី Carrie Lam បានធ្វើការកត់សម្គាល់ខាងលើក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងហុងកុង និងបន្ទាប់ពីក្រុមបាតុកររាប់សែននាក់ បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មដោយសន្តិវិធីកាលពីថ្ងៃអាទិត្យកន្លងទៅ ដែលជាសប្ដាហ៍ទី១១ នៃបាតុកម្មតវ៉ារបស់ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ។ បន្ថែមពីលើនេះ ក្រៅតែពីបង្ហាញក្ដីសង្ឃឹម លោកស្រី Lam បានអះអាងថា រដ្ឋាភិបាលរបស់លោកស្រី ក៏ចង់ពិភាក្សាដោយសន្តិវិធីជាមួយក្រុមបាតុករ ព្រមទាំងដោះស្រាយពាក្យបណ្ដឹង ប្រឆាំងនឹងកងកម្លាំងប៉ូលិសផងដែរ។

គួរជម្រាបថា បាតុកម្មនៅក្នុងទីក្រុងហុងកុងត្រូវបានគេរំពឹងថា អាចនឹងផ្ទុះឡើងជាថ្មីនៅប៉ុន្មានថ្ងៃខាងមុខនេះ ក្នុងនោះរួមមានទាំងបាតុកម្មរបស់ក្រុមកម្មករ នៅផ្លូវរថភ្លើងក្រោមដី MTR នៅថ្ងៃពុធសប្ដាហ៍នេះ ក៏ដូចជាបាតុកម្មរបស់ក្រុមសិស្ស-និស្សិតនៅថ្ងៃព្រហស្បតិ៍ ប្រឆាំងនឹងច្បាប់ធ្វើបត្យាប័ន និងការតវ៉ាដោយក្រុមបម្រើការងារនៅផ្នែកផ្សេងៗទៀត នៅថ្ងៃសុក្រសប្ដាហ៍នេះ៕