(ប៉េកាំង)៖ ខណៈអាមេរិកទើបធ្វើតេស្តមីស៊ីលប្រភេទចង្អុលប្រាប់ទិស (Cruise Missile កំណត់ទិសដៅវាយប្រហារ) ដែលបាញ់ចេញពីផ្ទៃដីកាលពីថ្ងៃអាទិត្យ បន្ទាប់ពីសន្ធិសញ្ញាហាមឃាត់ការរីកសាយអាវុធនុយក្លេអ៊ែរ INF ជាមួយរុស្ស៊ី ត្រូវរលាយសាបសូន្យ ក្រសួងការបរទេសចិននាថ្ងៃអង្គារនេះ បានចេញសេចក្តីថ្លែងការណ៍ថា ទង្វើបែបនេះអាចនាំទៅរកការរត់ប្រណាំងអាវុធនុយក្លេអ៊ែរសាជាថ្មី ហើយបំផ្លាញស្ថេរភាពនៃសន្តិសុខពិភពលោកនាពេលបច្ចុប្បន្ន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០១៩។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គែង ហ្ស័ង (Geng Shuang) បានលើកឡើងដូច្នេះថា «សកម្មភាពរបស់អាមេរិក នឹងនាំឲ្យកើនឡើងភាពតានតឹងផ្នែកយោធា ហើយនឹងមានឥទ្ធិពលអវិជ្ជមានលើសន្តិសុខនៅក្នុងតំបន់ និងអន្តរជាតិ។ ម៉្យាងវិញទៀតទង្វើបែបនេះ គឺជាការស្តែងឲ្យឃើញពីចេតនាពិតប្រាកដរបស់អាមេរិក ជុំវិញការបំផ្លាញសន្ធិសញ្ញា INF គឺដើម្បីតែអភិវឌ្ឍន៍មីស៊ីល-នុយក្លេអ៊ែរទំនើបៗជាងមុន ហើយពង្រឹងអំណាចយោធារបស់ខ្លួន ឲ្យខ្លាំងដាច់គេលើលោក»។
គួរជម្រាបថា បើតាមក្រសួងការពារជាតិអាមេរិក កាលពីថ្ងៃអាទិត្យកន្លងទៅនេះ មីស៊ីលប្រភេទ Cruise Missile មួយគ្រាប់ត្រូវបានធ្វើតេស្តនៅកោះ សាន់នូកូឡាស់ (San Nicolas) ក្នុងរដ្ឋកាលីហ្វរញ៉ា។ កំឡុងការសាកល្បងនោះ មីស៊ីលបានបាញ់ចំគោលដៅ ក្រោយហោះបានចម្ងាយជាង ៥០០គីឡូម៉ែត្រ។ បើស្ថិតនៅក្រោមសន្ធិសញ្ញា INF វិញនោះ អាមេរិកមិនអាចធ្វើតេស្តមីស៊ីលប្រភេទបាញ់ចេញពីផ្ទៃដី ដែលអាចហោះក្នុងរយៈចម្ងាយចាប់ពី ៥០០-៥,៥០០គីឡូម៉ែត្របែបនេះបានទេ។
ជុំវិញបញ្ហានេះអនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ រីយ៉ាបកូវ (Sergey Ryabkov) ក៏បានសម្តែងការសោកស្តាយ ចំពោះការធ្វើតេស្តមីស៊ីលរបស់អាមេរិកដែរ ប៉ុន្តែបានគូសបញ្ជាក់ថា រុស្ស៊ីមិនអាចបណ្តោយខ្លួនឲ្យធ្លាក់ចូលក្នុង ការរត់ប្រណាំងអាវុធនុយក្លេអ៊ែរជាមួយអាមេរិកឡើយ៕