(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានអនុម័តជាផ្លូវការហើយលើការលក់យន្ដហោះចម្បាំង F-16 ចំនួន៦៦គ្រឿង ឱ្យកោះតៃវ៉ាន់ បើទោះជាមានការព្រមានពីចិនក៏ដោយ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០១៩។
យោងតាមក្រសួងការបរទេសអាមេរិក តៃវ៉ាន់នឹងទទួលបានយន្ដហោះចម្បាំង F-16 ជំនាន់ចុងក្រោយ ៦៦គ្រឿង ក្នុងតម្លៃជាង៨ពាន់លានដុល្លារ ពីក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin។ ប៉ុន្តែ ក្រសួងមួយនេះមិនបានបញ្ជាក់លម្អិតពីកាលបរិច្ឆេទប្រគល់នោះទេ ខណៈចិនព្រមានថាការលក់ យន្ដហោះចម្បាំង ឬអាវុធឱ្យកោះតៃវ៉ាន់ គឺជាទង្វើរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់កិច្ចការផ្ទៃក្នុងរបស់ ចិន ពីព្រោះតៃវ៉ាន់ គ្រាន់តែខេត្តមួយរបស់ចិនប៉ុណ្ណោះ។
គួរបញ្ជាក់ថា យោធាតៃវ៉ាន់ សង្ឃឹមយ៉ាងមុតមាំថា យន្ដហោះចម្បាំង F-16 នឺងជួយពង្រឹងសមត្ថភាព ការពារជាតិ ជាពិសេសគឺដែនអាកាស ទប់ទល់នឹងការគំរាមកំហែង ឬការវាយប្រហារណាមួយ ពីសំណាក់យោធាចិន ដែលតែងតែព្រមានជារឿយពីការប្រើប្រាស់កម្លាំងយោធាវាយចូលកោះតៃវ៉ាន់៕