(ហ្សាការតា)៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានដាក់ពង្រាយកងទ័ព និងប៉ូលិសជាង ១,០០០នាក់ ដើម្បីបង្រ្កាបអំពើហិង្សានៅឯតំបន់ Papua ភាគខាងកើតប្រទេស ខណៈមានការដុតផ្សារ និងការបំផ្លាញអគាររដ្ឋាភិបាលជាដើម ហើយក៏មានការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខ និងក្រុមបាតុករបះបោរផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០១៩។
ការផ្ទុះបាតុកម្ម និងអំពើហិង្សានៅខេត្ត Papua ក្នុងសប្តាហ៍នេះ គឺចាប់ផ្តើមចេញពីការឃាត់ខ្លួនក្រុមនិស្សិតមកពីតំបន់នេះ នៅទីក្រុងសូរ៉ាបាយ៉ា (Surabaya) លើកោះជ្វា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដែលត្រូវជាបុណ្យឯករាជ្យជាតិរបស់ឥណ្ឌូណេស៊ី។ នៅតំបន់ Papua សកម្មភាពវាយប្រហារដោយក្រុមឧទ្ទាម ដែលតស៊ូចង់បានឯករាជ្យ តែងកើតមានឡើងជាញឹកញាប់ និងបង្កឲ្យមានមនុស្សស្លាប់ជារឿយៗ។ កងកម្លាំងរដ្ឋាភិបាលរបស់ឥណ្ឌូណេស៊ី ក៏រងការចោទប្រកាន់ដែរថា បានប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្សជាច្រើន ប្រឆាំងនឹងជនជាតិដើមនៅតំបន់នេះ។
គួរជម្រាបថា តំបន់ Papau ដែលមានខេត្ត Papua ខាងលិច និងខេត្ត Papua ស្ថិតនៅជាប់ប្រទេសប៉ាពួញូហ្គីណេលើកោះ New Guinea ភាគខាងជើងអូស្រ្តាលី។ ប្រទេសឥណ្ឌូណេស៊ី ទទួលបានសិទ្ធិគ្រប់គ្រងតំបន់ Papau កាលពីទសវត្សរ៍ឆ្នាំ១៩៦០ តាមរយៈការបោះឆ្នោតប្រជាមតិយ៉ាងចម្រួងចម្រាសមួយ ដែលគាំទ្រដោយអង្គការសហប្រជាជាតិ ខណៈតំបន់នេះធ្លាប់ស្ថិតក្រោមអាណានិគមហូឡង់៕