(ញូយ៉ក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei បានបញ្ជាក់ថា ក្រុមហ៊ុននឹងបន្តពង្រឹងតម្លាភាពរបស់ខ្លួន ហើយបើកចំហឲ្យកាន់តែទូលាយថែមទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០១៩។

ក្នុងកម្មវិធីមួយដែលរៀបចំឡើងនាថ្ងៃពុធសប្តាហ៍នេះ នៅទីក្រុងញូយ៉កនៃសហរដ្ឋអាមេរិក លោក វិនសិន ផេង (Vencent Pang) ដែលជាអគ្គនាយកសាខារបស់ក្រុមហ៊ុន Huawei ប្រចាំនៅតំបន់អឺរ៉ុបខាងលិចបាននិយាយថា Huawei មានគម្រោងនឹងប្រារព្ធព្រឹត្តិការណ៍ មួយចំនួនជារៀងរាល់ខែនៅទីក្រុងញូយ៉កចាប់ពីពេលនេះទៅ ដើម្បីអាប់ដេតប្រាប់ពីការអភិវឌ្ឍរបស់ក្រុមហ៊ុន និងបកស្រាយបំភ្លឺពីចម្ងល់ផ្សេងៗ។

លោក Pang បានគូសបញ្ជាក់ថា ក្រុមហ៊ុន Huawei នឹងបន្តចេញផ្សាយនូវរបាយការណ៍ថ្មីៗ ស្តីពីលទ្ធផលអាជីវកម្មរបស់ខ្លួនជាប្រចាំ ហើយក្រុមហ៊ុនពុំមានអ្វីដែលត្រូវលាក់លៀមនោះឡើយ តាំងតែពីដំបូងមក។ ក្រុមអ្នកវិភាគយល់ឃើញថា Huawei កំពុងតែធ្វើជាគំរូយ៉ាងល្អមួយក្នុងការរក្សាតម្លាភាព បើទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ នៅតែជាក្រុមហ៊ុនឯកជនសុទ្ធសាធ មិនបានចុះបញ្ជីដើម្បីជួញដូរភាគហ៊ុនជាសាធារណៈក៏ដោយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែសីហា សហរដ្ឋអាមេរិកបានសម្រេចពន្យារពេល​បន្ថែម ៩០ថ្ងៃទៀតក្នុងការអនុវត្តន៍ទណ្ឌកម្មលើ Huawei ដើម្បីឲ្យក្រុមហ៊ុនអាមេរិកនានា អាចបន្តការរកស៊ីលក់ផលិតឲ្យ Huawei ជាបណ្តោះអាសន្នទៀត។ ទោះបីជាបែបនេះក្តី ក្រុមហ៊ុន Huawei នៅតែចាត់ទុកថាវាជារឿងអយុត្តិធម៌សម្រាប់ខ្លួន និងទទូចឲ្យអាមេរិក​ដកក្រុមហ៊ុននេះចេញពីបញ្ជីខ្មៅពាណិជ្ជកម្ម៕