(ប្រេស៊ីល)៖ ភ្លើងឆេះព្រៃបាននិងកំពុងបំផិ្លចបំផ្លាញព្រៃឈើក្នុងតំបន់អាម៉ាហ្សូន របស់ប្រទេសប្រេស៊ីល ក្នុងកម្រិតខ្ពស់ជាប់កំណត់ត្រាថ្មីមួយ ស្របពេលក្រុមអ្នកវិទ្យាសាស្ត្រព្រមានថា បញ្ហានេះអាច នឹងបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០១៩។
យោងតាមវិទ្យាស្ថានជាតិសម្រាប់ការសិក្សាស្រាវជ្រាវទីអវកាស (INPE) មានភ្លើងឆេះព្រៃរហូតដល់ទៅ៧២,៨៤៣ កន្លែង បានកើតឡើងក្នុងប្រទេសប្រេស៊ីលក្នុងឆ្នាំ២០១៩នេះ ហើយក្នុងចំណោមនោះ ច្រើនជាង ពាក់កណ្ដាល គឺកើតឡើងនៅក្នុងតំបន់ព្រៃអាម៉ាហ្សូន។ អាត្រានេះបានកើនឡើងជាង៨០ភាគរយឯណោះ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។
ដោយឡែក ក្រុមអង្គការសង្គមស៊ីវិលផ្នែកការពារបរិស្ថាននៅក្នុងប្រទេសប្រេស៊ីល បានទម្លាក់ការ ទទួលខុសត្រូវនៃបញ្ហាភ្លើងឆេះព្រៃលើប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ដោយចោទថាលោក មានភាពធូររលង់ក្នុងការគ្រប់គ្រងព្រៃឈើ ហើយទាំងលើកទឹកចិត្តឱ្យមានការកាប់បំផ្លាញព្រៃទៀតផង។ ប៉ុន្តែ លោក Bolsonaro ក៏បានចោទប្រកាន់បកវិញដែរថា ភ្លើងឆេះព្រៃនៅក្នុងតំបន់អាម៉ាហ្សូន អាចបណ្ដាលមកពីក្រុមអង្គការសង្គមស៊ីវិលការពារបរិស្ថាន គឺជាអ្នកដុតដោយចេតនា ដើម្បីឱ្យអន្តរជាតិរិះគន់រដ្ឋាភិបាលរបស់លោក។
លើសពីនេះទៅទៀត ប្រធានាធិបតីប្រេស៊ីលរូបនេះក៏បានបណ្ដេញនាយកវិទ្យាស្ថាន INPE ចេញពី តំណែងផងដែរ បន្ទាប់ពីចុះផ្សាយរបាយការណ៍ថា ការកាប់បំផ្លាញព្រៃឈើនៅតំបន់អាម៉ាហ្សូន មានអាត្រាដល់ទៅ៨៨ភាគរយក្នុងខែមិថុនាកន្លងទៅ ដែលលោក Bolsonaro ផ្ទាល់អះអាងថាជារបាយការណ៍កុហក។
គួរបញ្ជាក់ថា ព្រៃអាម៉ាហ្សូន ត្រូវបានគេចាត់ទុកថាសួតរបស់ផែនដី ដោយវាផលិតខ្យល់អុកស៊ីហ្សែន ២០ភាគរយនៅក្នុងបរិយាកាសផែនដីទាំងមូល និងជាព្រៃទាក់ទាញទឹកភ្លៀងដ៏សំខាន់មួយនៅលើពិភពលោក។ ដូច្នេះហើយ ទើបក្រុមអ្នកវិទ្យាសាស្ត្រជាច្រើន ព្រួយបារម្ភជាខ្លាំងចំពោះបញ្ហាភ្លើងឆេះ ព្រៃ និងការកាប់បំផ្លាញព្រៃឈើអាម៉ាហ្សូន ដ្បិតវាអាចនឹងបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធ ប្រឆាំងនឹងការឡើងកម្ដៅផែនដី៕