(ប៉ារីស)៖ វត្តមានដោយឥតព្រាងទុក របស់ប្រមុខការទូតអ៊ីរ៉ង់ លោក Mohammad Javad Zarif ក្នុងកិច្ចប្រជុំកំពូល G7 នៅទីក្រុងប៊ីយ៉ារីត (Biarritz) ប្រទេសបារាំង បានបង្កភាពភ្ញាក់ផ្អើលជាខ្លាំងដល់ ក្រុមប្រតិភូអាមេរិកកាលពីថ្ងៃអាទិត្យ កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ ២០១៩។
យោងតាមសេចក្ដីរាយការណ៍ជាច្រើន ក្រុមប្រតិភូអាមេរិក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះដំណើរ ទស្សនកិច្ចរយៈពេលខ្លី របស់លោក Zarif ដ្បិតពួកគេមិនបានដឹងជាមុនពីដំណើរទស្សនកិច្ចនេះទេ ខណៈ ទំនាក់ទំនងរវាងប្រទេសទាំងពីរ កំពុងមានភាពតានតឹងខ្លាំងបំផុតមួយ មិនធ្លាប់មានមុនមក។ តែទោះជា យ៉ាងនេះក្ដី ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានបញ្ជាក់ថាក្រុមប្រតិភូទាំងអស់ត្រូវបានគេជូនដំណឹង ជាមុនរួចអស់ហើយ ពីវត្តមានរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់។
គួរជម្រាបថា លោក Mohammad Javad Zarif ក៏បានជួបពិភាក្សាការងាររយៈពេលខ្លីជាមួយមន្រ្តីមកពី ប្រទេស អាល្លឺម៉ង់ និងអង់គ្លេសផងដែរ នាឱកាសនៃកិច្ចប្រជុំ G7 ដែលមានប្រទេសដូចជា អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក៕