(ប៉ារីស)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទនេះ បាននិយាយថាលោកចង់ ឃើញប្រទេសអ៊ីរ៉ង់ដ៏ខ្លាំងមួយ ហើយមិនមែនកំពុងស្វែងរកការផ្លាស់ប្ដូររបបដឹកនាំទីក្រុងតេហេរ៉ង់ នោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩។
ការលើកឡើងបែបនេះ របស់លោក ដូណាល់ ត្រំា ធ្វើឡើងកំឡុងពេលចូលរួមកិច្ចប្រជុំ G7 ក្នុងទីក្រុង BIARRITZ ប្រទេសបារាំង។ លោក ត្រាំ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានដូច្នេះថា៖ «ខ្ញុំចង់ឃើញប្រទេសអ៊ីរ៉ង់មួយដ៏ល្អ ដ៏ខ្លាំងពិតប្រាកដ...ពោលគឺយើងមិនមែនកំពុងសម្លឹងមើល ការផ្លាស់ប្ដូររបបដឹកនាំនៅអ៊ីរ៉ង់ នោះទេ»។
គួរបញ្ជាក់ថា បច្ចុប្បន្ន សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងមានភាពតានតឹងនឹងគ្នាយ៉ាងខ្លាំង បន្ទាប់ពី យន្ដហោះដ្រូនអាមេរិកមួយគ្រឿង ត្រូវបានយោធាអ៊ីរ៉ង់បាញ់ទម្លាក់កាលពីប៉ុន្មានខែមុននេះ។ ប៉ុន្តែ គេមិនអាចកំណត់បានពីចេតនារបស់ប្រធានាធិបតីអាមេរិករូបនេះនោះទេ ថាតើលោកនិយាយ នេះចេញពីចិត្តពិត ឬក៏ជាការនិយាយបែបចំអក៕