(ស៊ូដង់)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ូដង់ SUNA កាលពីថ្ងៃអាទិត្យម្សិលមិញ បានឲ្យដឹងថា នៅប្រទេសស៊ូដង់ ការធ្លាក់ភ្លៀងខ្លាំង និងគ្រោះទឹកជំនន់ បានផ្តាច់ជីវិតមនុស្សយ៉ាងហោចណាស់៦២នាក់ ខណៈមនុស្សជិត១០ម៉ឺននាក់ផ្សេងទៀត កំពុងទទួលរងផលប៉ះពាល់ពីគ្រោះធម្មជាតិមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC នារសៀលថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩។
ប្រទេសដែលស្ថិតក្នុងទ្វីបអាហ្រិ្វកមួយនេះ បានទទួលរងការវាយប្រហារ ដោយទឹកភ្លៀងយ៉ាងខ្លាំង ចាប់តាំងពីដើមខែកក្កដា មកម្ល៉េះ ដែលបានបង្កផលប៉ះពាល់ដល់មនុស្សម្នាសរុបជិត២០ម៉ឺននាក់ នៅទូទាំងរដ្ឋចំនួន១៥ របស់ស៊ូដង់ ខណៈរដ្ឋ White Nile ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេស បានរងគ្រោះខ្លាំងជាងគេ។
ដោយឡែក អង្គការសហប្រជាជាតិ បានគូសបញ្ជាក់ប្រាប់ថា យ៉ាងហោចណាស់ផ្ទះសំបែងជាង ៣៧,០០០ខ្នង ត្រូវបានបំភ្លេចបំផ្លាញឬខូចខាត ដោយសារគ្រោះធម្មជាតិខាងលើ ខណៈកម្ពស់ទឹកជំនន់ ត្រូវបានគេរំពឹងថា នឹងកើនខ្លាំងជាងមុនទៅទៀត ព្រោះរដូវវស្សានឹងនៅតែបន្ត រហូតដល់ចុងខែតុលាឯណោះ។
ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយថា ខ្លួនបានស្នើសុំជំនួយមនុស្សធម៌ទំហំ១.១ពាន់លានដុល្លារ សម្រាប់ប្រទេសស៊ូដង់នៅឆ្នាំនេះ ខណៈម្ចាស់ជំនួយបានផ្តល់ត្រឹមតែ ៣០ភាគរយប៉ុណ្ណោះនៃចំនួនដែលបានស្នើឡើង។ អង្គសហប្រជាជាតិ បានប៉ាន់ប្រមាណថា ខ្លួននឹងត្រូវការថវិកាបន្ថែមចំនួន ១៥០លានដុល្លារទៀត ដើម្បីឆ្លើយតបតម្រូវការចាំបាច់ៗជាងគេ ដែលបង្កឡើងដោយគ្រោះទឹកជំនន់នៅស៊ូដង់៕