(ប៉ារីស)៖ ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង បានហៅលោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) ថា «ជាមនុស្សគ្មានការគោរពទាល់តែសោះ» បន្ទាប់ពីប្រធានាធិបតីប្រេស៊ីលរូបនេះឆ្លើយឆ្លងសារនៅលើ Facebook បែបចំអកឡកលើយដាក់ភរិយារបស់លោក គឺលោកស្រី ប្រ៊ីហ្គីតេ ម៉ាក្រុង (Brigitte Macron)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០១៩។

នៅក្នុងសារបង្ហោះលើទំព័រ Facebook របស់លោក Bolsonaro កាលពីប៉ុន្មានថ្ងៃមុននេះ អ្នកលេង Facebook ម្នាក់បានចូលឆ្លើយឆ្លង និងបង្ហោះរូបភាពដោយចង់ប្រៀបធៀប រវាងជំទាវទីមួយរបស់ប្រេស៊ីល និងជំទាវទីមួយរបស់បារាំង។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ នោះលោក Bolsonaro បានចូលឆ្លើយឆ្លងលើរូបភាពនោះដោយនិយាយបែបចំអកថា «កុំធ្វើឱ្យគាត់ (លោក ម៉ាក្រុង) អាម៉ាស់មុខអី... ហាហា!»

ដោយឡែកជាការឆ្លើយតប លោក ម៉ាក្រុង បានចាត់ទុកប្រធានាធិបតីប្រេស៊ីលរូបនេះ «ជាមនុស្សគ្មានការគោរពទាល់សោះ»។ លោក ម៉ាក្រុង បានលើកឡើងនាឱកាសចូលរួមកិច្ចប្រជុំ G7 ក្នុងទីក្រុង ប៊ីយ៉ារីត (Biarritz) ប្រទេសបារាំង នៅថ្ងៃចន្ទសប្ដាហ៍នេះយ៉ាងដូច្នេះថា «គាត់ជាមនុស្សគ្មានការគោរព ទាល់តែសោះចំពោះភរិយារបស់ខ្ញុំ... តែខ្ញុំគិតថាប្រជាជនប្រេស៊ីល នឹងមានភាពអៀនខ្មាស់ចំពោះឥរិយាបថបែបនេះ ហើយខណៈខ្ញុំមានមិត្តភាពជាច្រើន និងគោរពដល់ប្រជាជនប្រេស៊ីល ខ្ញុំសង្ឃឹមថាពួកគេនឹងមានប្រធានាធិបតីម្នាក់ ដែលផ្តោតតែទៅលើការងារ»

លោក Jair Bolsonaro មិនទាន់បញ្ចេញប្រតិកម្មអ្វីទេ ចំពោះការលើកឡើងរបស់លោក ម៉ាក្រុង ដែលធ្វើឡើងតែប៉ុន្មានប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំប្រទេសទាំងពីររូប ប៉ះសម្ដីគ្នារឿងភ្លើងឆេះព្រៃអាម៉ាហ្សូន។ តែយ៉ាងណាក៏ដោយនៅថ្ងៃចន្ទសប្ដាហនេះ លោកប្រធានាធិបតីបារាំងក៏បានប្រកាស ផងដែរពីជំនួយសង្រ្គោះបន្ទាន់ជាង ២០លានដុល្លារអាមេរិក ពីបណ្តាមេដឹកនាំ G7 ដើម្បីស្រោចស្រង់ព្រៃអាម៉ាហ្សូន។

គួរបញ្ជាក់ថា បើតាមប្រវត្តិស្នេហារបស់លោក ម៉ាក្រុង និងភរិយាបច្ចុប្បន្ន គឺពិតជាបានធ្វើឲ្យពិភពលោក​ កោតសរសើរមិនស្ទើរនោះឡើយកន្លងមក ព្រោះអ្នកទាំងពីរពីមុនត្រឹមតែជាសិស្ស និងគ្រូបង្រៀនប៉ុណ្ណោះ ប៉ុន្តែលោក ម៉ាក្រុង នៅតែបាក់ចិត្តស្រឡាញ់អ្នកគ្រូ ដែលមានអាយុបងលោករហូតដល់ទៅជាង ២០ឆ្នាំ រហូតសម្រេចយកគ្នាជាគូទាល់តែបាន ចំពោះមុខការប្រឆាំងពីគ្រួសារ។

លោកស្រី Brigitte Macron ត្រូវបានគេដឹងថា ជាកម្លាំងជម្រុញដ៏សំខាន់ឲ្យលោក ម៉ាក្រុង ក្លាយជាអ្នកនយោបាយវ័យក្មេងដ៏រឹងមាំ និងរហូតកក្លាយជាប្រធានាធិបតី នៃប្រទេសបារាំងតែម្តង៕