(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនពាណិជ្ជកម្មអាមេរិកចំនួន ១៦០ បានចាត់ទុកវិធានការដំឡើងពន្ធថ្មីលើទំនិញចិន របស់ប្រធានាធិបតីដូណាល់ ត្រាំ ថាជា «ឃាតកការងារ» ដែលនឹងធ្វើឱ្យអតិថិជនធ្លាក់ចុះ និងអាចធ្វើឱ្យមានវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃប្រហស្បតិ៍ ទី ២៩ ខែសីហា ឆ្នាំ ២០១៩។
ក្រោមរូបភាពសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនកាលពីសប្តាហ៍មុន លោក ត្រាំ បានបង្កើនការដំឡើងពន្ធ ៥%បន្ថែមទៀតលើមុខទំនិញភាគច្រើន ដែលនាំចូលពីប្រទេសចិន។ ៥% បន្ថែមពីលើនេះបានធ្វើឲ្យចំនួនភាគរយ នៃពន្ធលើទំនិញចិននាំចូលមកសហរដ្ឋអាមេរិក កើនរហូតដល់ ១៥% - ៣០% ជាដំណាក់ៗរហូតដល់ខែធ្នូ ឆ្នាំ២០១៩។ ទំនិញទាំងនេះភាគច្រើនជាប្រភេទផលិតផល សម្រាប់បំពេញតម្រូវការចាំបាច់ និងពេញនិយមសម្រាប់ប្រជាពលរដ្ឋអាមេរិកដូចជា កុំព្យូទ័រយួរដៃ ទូរស័ព្ទចល័ត និងស្បែកជើងជាដើម។
ក្រុមហ៊ុនផលិតស្បែកជើង និងអ្នកលក់រាយជាង ២០០នាក់ រួមទាំងក្រុមហ៊ុនម៉ាកល្បីៗដូចជា Nike និង Foot Locker បានចុះហត្ថលេខាលើលិខិតជូនដំណឹងថា វិធានការពន្ធគយថ្មីខាងលើ នឹងធ្វើឲ្យប្រជាពលរដ្ឋអាមេរិកចំណាយ ៤ពាន់លានដុល្លារបន្ថែមទៀតក្នុងមួយឆ្នាំៗ ព្រមទាំងនឹងធ្វើឲ្យសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះផងដែរ។
ជាមួយគ្នានេះដែរ ក្រុមហ៊ុនពាណិជ្ជកម្មចំនួន ១៦០ផ្សេងទៀតរួមមានក្រុមហ៊ុនផលិត Software និងគ្រឿងអេឡិចត្រូនិច ក៏ដូចជាអ្នកលក់រាយ រួមទាំងក្រុមហ៊ុនផលិតស្រាបៀរ ក៏បានព្រមានដល់លោក ត្រាំ អំពីហានិភ័យនៃការឡើងថ្លៃ ដែលអាចនឹងធ្វើឱ្យខូចទំនុកចិត្តដល់អ្នកប្រើប្រាស់ ខណៈបណ្តាក្រុមហ៊ុនទាំងនោះ បានជំរុញឱ្យលោកបោះបង់ចោលនូវវិធានការដំឡើងពន្ធគយនេះវិញ។
គួរជម្រាបថា ក្រុមអ្នកជំនាញនិយាយថា ការដំឡើងពន្ធគយនេះ គឺស្មើនឹងការបង្កើនការចំណាយប្រចាំឆ្នាំសរុប សម្រាប់គ្រួសារអាមេរិកដូចគ្នា ប្រសិនបើក្រុមហ៊ុនទាំងអស់បង្កើនតម្លៃទំនិញលើអ្នកប្រើប្រាស់។ ផលប៉ះពាល់រួម អាចនឹងមានកម្រិតខ្ពស់ជាងនេះ។ ជាក់ស្តែងសហរដ្ឋអាមេរិកពឹងផ្អែកយ៉ាងខ្លាំង លើផលិតផលប្រទេសចិនមួយចំនួនដូចជា គ្រឿងធ្វើពីឈើ គ្រឿងសង្ហារឹម ក្រណាត់ និងអំបោះជាដើម។ សម្រាប់ប្រទេសចិន រោងចក្រឧស្សាហកម្ម ដែលត្រូវទទួលរងផលប៉ះពាល់ខ្លាំងបំផុត នោះអាចប្រឈមមុខនឹងការបិទទ្វារក៏ខ្ពស់ផងដែរ៕