(សេអ៊ូល)៖ នៅថ្ងៃព្រហស្បតិ៍នេះតុលាការកំពូលកូរ៉េខាងត្បូង បានចេញសេចក្តីបង្គាប់ឲ្យពិនិត្យឡើងវិញ នូវសេចក្តីសម្រេចរបស់តុលាការថ្នាក់ក្រោម ដែលបានកាត់ទោសអតីតប្រធានាធិបតីលោកស្រី ផាក គឺនហេ (Park Geun-hye) ឲ្យជាប់ពន្ធនាគាររយៈពេល ២៥ឆ្នាំ ពីបទពុករលួយ និងស៊ីសំណូកដោយលើកឡើងថា មានបញ្ហានីតិវិធី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuter នារសៀលថ្ងៃប្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ ២០១៩។
តុលាការខាងលើបានបញ្ជូនរឿងក្ដីនេះ ទៅសាលាឧទ្ធរណ៍ក្រុងសេអ៊ូល ដែលបានផ្តន្ទាទោសលោកស្រីឲ្យជាប់ពន្ធនាគារ ២៥ឆ្នាំ ក្នុងករណីដែលកើតឡើងពីរឿងអាស្រូវពុករលួយ ដែលឈានទៅដល់ការទម្លាក់លោកស្រី ចេញពីអំណាចកាលពីឆ្នាំ២០១៧។ ទន្ទឹមនឹងនោះតុលាការក៏បានចេញសេចក្តីសម្រេចរបស់ខ្លួន លើករណីសូកប៉ាន់របស់អនុប្រធានក្រុមហ៊ុនកូរ៉េខាងត្បូងដ៏ធំមួយផងដែរ។
គួរជម្រាបថា លោកស្រី Park Geun-hye ជាស្ត្រីទីមួយត្រូវបានបោះឆ្នោតធ្វើជា ប្រធានាធិបតីកូរ៉េខាងត្បូង ហើយលោកស្រីក៏បានក្លាយជាប្រមុខរដ្ឋដំបូងគេ បំផុតនៅក្នុងប្រវត្តិសាស្ត្រកូរ៉េ ដែលត្រូវបានទម្លាក់ចេញពីតំណែង ក្នុងពេលកំពុងកាន់តួនាទីផងដែរ ដោយថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ លោកស្រីត្រូវបានតុលាការធម្មនុញ្ញចេញសាលក្រមទម្លាក់ចេញពីតំណែង ក្រោយពីផ្ទុះមានរឿងអាស្រូវដ៏អាក្រក់មួយទាក់ទងនឹងអំពើពុករលួយ និងការបណ្តោយឲ្យមិត្តភក្តិជិតស្និទ្ធឈ្មោះ ឆយ ស៊ូនស៊ីល លូកលាន់កិច្ចការរដ្ឋទាំងដែលគ្មានតួនាទីអ្វីសោះ៕