(សេអ៊ូល)៖ សភាកូរ៉េខាងជើងបានអនុម័តការធ្វើវិសោធនកម្មថែមទៀត លើរដ្ឋធម្មនុញ្ញថ្មីនៃប្រទេសរបស់ខ្លួន ដែលសំដៅពង្រឹងតួនាទីរបស់លោក គីម ជុងអ៊ុន ក្នុងនាមជាប្រមុខរដ្ឋ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ចុះផ្សាយដោយសារព័ត៌មាន CNA នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩។

ក្នុងរដ្ឋធម្មនុញ្ញថ្មី ដែលត្រូវបានធ្វើវិសោធនកម្មម្តងរួចមកហើយកាលពីប៉ុន្មានខែមុន បានចែងថា ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការដ្ឋ គឺលោក គីម ជុងអ៊ុន មានតួនាទីស្មើនឹង អ្នកតំណាងកំពូលឱ្យប្រជាជនកូរ៉េខាងជើងទាំងអស់ ដែលមានន័យថាជាប្រមុខរដ្ឋរបស់កូរ៉េខាងជើង និងជាអគ្គមេបញ្ជាការយោធាទាំងមូលផងដែ។

រដ្ឋធម្មនុញ្ញចាស់បានហៅ លោក គីម ជុងអ៊ុន ថាត្រឹមជា «មេដឹកនាំកំពូល» ដែលជាអ្នកកាន់សិទ្ធិបញ្ជាកងទ័ពប៉ុណ្ណោះ ហើយតំណែងជាប្រមុខរដ្ឋគឺជារបស់លោក លោក ឈឺ រ្យុងហេ (Choe Ryong Hae) ដែលជាប្រធានគណៈកម្មាធិការកំពូលនៃ សភាប្រជាជនកូរ៉េខាងជើង។

ដោយឡែក ការបន្តធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនាថ្ងៃព្រហស្បតិ៍នេះ គឺសំដៅតម្រូវឲ្យប្រព័ន្ធយុត្តិធម៌កូរ៉េខាងជើង ទទួលស្គាល់ លោក គីម ជុងអ៊ុន ជាប្រមុខរដ្ឋ ហើយផ្តល់អំណាចឲ្យលោក គីម ប្រកាសពីបទបញ្ជាឬការសម្រេចចិត្តផ្សេងៗ និងអាចតែងតាំង ឬក៏កោះហៅបេសកជនការទូតរបស់កូរ៉េខាងជើង ដែលនៅប្រទេសក្រៅ។

គួរជម្រាបថា ទោះធាតុពិតជាក់ស្តែង ការកែប្រែងាររបស់ គីម ជុងអ៊ុន នេះ នឹងមិនសូវមានឥទ្ធិពលអ្វីគួរឲ្យកត់សម្គាល់ទៅលើ ការប្រើប្រាស់អំណាចដឹកនាំរបស់លោក នៅក្នុងប្រទេសកូរ៉េខាងជើងក៏ដោយ វាត្រូវគេមើលឃើញថា អាចនឹងជួយកូរ៉េខាងជើងក្នុងការស្ដារទំនាក់ទំនងការទូតឡើងវិញជាមួយបណ្ដាប្រទេសដទៃ។ មិនតែប៉ុណ្ណោះ ការតែងតាំងនេះទៀតសោតក៏នឹងធ្វើឲ្យលោក គីម មានតួនាទី ស្មើមុខស្មើមាត់ក្នុងជំនួបកំពូលនានា ជាមួយបណ្ដាមេដឹកនាំដទៃដូចជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ឬក៏ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ជាដើម៕