(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រាប់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ យ៉ាងច្បាស់លាស់ថា គោជំហររបស់ខ្លួននៅសមុទ្រចិនខាងត្បូង គឺមិនប្រែប្រួលនោះទេ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៩។
អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីនបានឲ្យដឹងថា កំឡុងជំនួបរវាងប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងលោក ឌូតឺតេ កាលពីល្ងាចថ្ងៃព្រហស្បតិ៍សប្តាហ៍នេះនៅទីក្រុងប៉េកាំង លោក ស៊ី បានបញ្ជាក់ពីគោលជំហរដដែលរបស់រដ្ឋាភិបាលចិន នោះគឺចិនមិនទទួលស្គាល់ ការកាត់ក្តីរបស់តុលាការមជ្ឈិត្តកម្មអន្តរជាតិឡើយ ពាក់ព័ន្ធការទាមទារចំណែករវាង ប្រទេសចិន និងហ្វីលីពីននៅសមុទ្រចិនខាងត្បូង ហើយទីក្រុងប៉េកាំងក៏នឹងមិនយល់ព្រម ចំពោះការចង់ចរចាដើម្បីកែប្រែគោលជំហរនេះដែរ។
យ៉ាងណាមិញ នៅក្នុងជំនួបជាមួយលោក ឌូតឺតេ លោក ស៊ី ក៏បានលើកឡើងថា ចិន និងហ្វីលីពីនបានរក្សាទំនាក់ទំនងរវាងគ្នាប្រកបដោយប្រសិទ្ធភាព ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង។ លោកបានបន្តថា ភាគីទាំងពីរគួរតែទុកជម្លោះមួយឡែក ហើយកម្ចាត់ចោលនូវការជ្រៀតជ្រែកពីខាងក្រៅ រួចផ្តោតលើកការបង្កើតកិច្ចសហប្រតិបត្តិការជាមួយគ្នា។
គួរជម្រាបថា ដំណើរទស្សនកិច្ចរបស់លោក ឌូតឺតេ នៅប្រទេសចិនលើកនេះ បានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែសីហា ហើយនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី០១ ខែកញ្ញា ដែលប្រព្រឹត្តទៅក្រោមការអញ្ជើញពីលោក ស៊ី ផ្ទាល់ ហើយវាគឺជាដំណើរទស្សនកិច្ចលើកទី ០៥ហើយ របស់មេដឹកនាំហ្វីលីពីនរូបនេះមកកាន់ប្រទេសចិន៕