(ឡុងដ៍)៖ ចក្រភពអង់គ្លេសកំពុងពិចារណាបញ្ជូនយន្តហោះដ្រូន ដើម្បីជួយក្រុមនាវាចម្បាំងរបស់ខ្លួន ល្បាតច្រកសមុទ្រ Hormuz នៅមជ្ឈិមបូព៌ា ចំពោះមុខភាពតានតឹងក្នុងតំបន់ ពាក់ព័ន្ធជាមួយប្រទេសអ៊ីរ៉ង់។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Sky News នៅរសៀលថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០១៩។
ដំណឹងខាងលើត្រូវបានបង្ហើបឲ្យដឹងពីសំណាក់មន្រ្តីយោធាជើងទឹកអង់គ្លេស គឺលោក Dean Bassett ដែលបានលើកឡើងថា អ៊ីរ៉ង់នៅតែបង្កការគំរាមកំហែងដោយផ្ទាល់ ចំពោះកប៉ាល់ដឹកប្រេងរបស់អង់គ្លេស ហើយលោកក៏បានគូសបញ្ជាក់ដែរថា អាច នឹងមានការប្រើប្រាស់កម្លាំងយោធាតែម្តងប្រសិនបើជាក្នុងករណីចាំបាច់។
គួរជម្រាបថា កាលពីពាក់កណ្តាលខែសីហាកន្លងទៅ ចក្រភពអង់គ្លេសបានស្ម័គ្រចិត្តចូលរួម យុទ្ធនាការល្បាតតំបន់ឈូងសមុទ្រ ពែក ក៏ដូចជាច្រកសមុទ្រ Hormuz ដែលផ្តួចផ្តើមឡើងដោយសហរដ្ឋអាមេរិក ក្រោមគោលដៅប្រឆាំងប្រទេសអ៊ីរ៉ង់ ដែលទីក្រុង វ៉ាស៊ីនតោនចោទថា បានបង្កការគំរាមកំហែងក្នុងតំបន់ បន្ទាប់ពីយោធាអ៊ីរ៉ង់បានរឹបអូសកប៉ាល់ដឹកប្រេងអង់គ្លេសមួយគ្រឿង ឈ្មោះ Stena Impero។ អង់គ្លេសបានបញ្ជូននាវាចម្បាំងយ៉ាងតិច០៣គ្រឿង ទៅចូលរួមយុទ្ធនាការនេះ។
ដោយឡែក មុនមានការរឹបអូសកប៉ាល់ដឹកប្រេងអង់គ្លេស កងម៉ារីនអង់គ្លេសបានចាប់ឃាត់ទុកកប៉ាល់ដឹកប្រេងអ៊ីរ៉ង់មួយគ្រឿង ឈ្មោះ Grace 1 នៅតំបន់ Gibraltar ក្រោមការសង្ស័យថាល្មើសទណ្ឌកម្មរបស់សហភាពអឺរ៉ុប។ យ៉ាងណាមិញ កប៉ាល់ Grace 1 ត្រូវបានដោះលែងវិញ កាលពីខែសីហា និងប្តូរឈ្មោះទៅជា Adrian Darya៕