(ប៉ាគីស្ថាន)៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក អ៊ីមរ៉ាន ខាន់ (Imran Khan) បាននិយាយថា ប្រទេសរបស់លោកនឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីវាយប្រហារលើប្រទេសឥណ្ឌាមុននោះទេ ខណៈប្រទេសទាំងពីរ កំពុងមានភាពតានតឹងនឹងគ្នា ជុំវិញជម្លោះដែនដីនៅតំបន់កាស្មៀរ ខណៈអ្នកវិភាគខ្លះបានលើកឡើងថា អតីតបងប្អូនទាំងពីរកំពុងខិតទៅកាត់តែជិត មាត់ជ្រោះនៃសង្គ្រាម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ២០១៩។
នៅក្នុងសុន្ទរកថាមួយទៅកាន់សហគមន៍អ្នកកាន់សាសនា ស៊ីក (Sikh) នៅទីក្រុងឡាហ័រ (Lahore) នៅថ្ងៃចន្ទសប្ដាហ៍នេះ លោក Imran Khan បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសយើងទាំងពីរសុទ្ធតែមានអាវុធនុយក្លេអ៊ែរ... ដូច្នេះបើសង្រ្គាមផ្ទុះឡើងមែន នោះវានឹងបង្កជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ ដែលគ្រប់គ្នាមិនអាចស្មានដល់។ ប៉ុន្តែយើងនឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីវាយប្រហារលើឥណ្ឌាមុននោះទេ»។
គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោក Imran Khan ធ្វើឡើងបន្ទាប់ពី រដ្ឋមន្ត្រីផ្លូវដែកប៉ាគីស្ថានចេញមុខព្រមានថា គ្រាប់បែកនុយក្លេអ៊ែរតូចៗរបស់ប៉ាគីស្ថានអាច វាយប្រហារទីតាំងណាក៏បានដែលខ្លួនចង់ ទៅលើទឹកដីប្រទេសឥណ្ឌា ហើយវាក៏បានកើតឡើងនៅចំពេលឥណ្ឌា ប្រកាសបង្កើតទ័ពថ្មីដើម្បីពង្រាយនៅតាម តំបន់ព្រំដែនជម្លោះកាស្មៀរ ជាមួយប្រទេសប៉ាគីស្ថាននោះផងដែរ៕