(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនឹងដកកងទ័ព ៥,៤០០នាក់ ចេញពីប្រទេសអាហ្វហ្គានីស្ថាននៅ ២០សប្ដាហ៍ខាងមុខទៀតនោះ នៅក្រោមកិច្ចព្រមព្រៀងមួយ បើសិនជាសម្រេចបានជាមួយក្រុមតាលីបង់។ នេះបើតាមមន្ត្រីចរចាជាន់ខ្ពស់អាមេរិក ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ២០១៩។
មន្ត្រីចរចាជាន់ខ្ពស់អាមេរិក លោក ហ្សាល់ម៉េយ ខាលីលហ្សាដ (Zalmay Khalilzad) បង្ហើបពីគម្រោងខាងលើនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ តូឡូ (Tolo) នៅថ្ងៃចន្ទសប្ដាហ៍នេះ បន្ទាប់ពីបានធ្វើបទសង្ខេបពីកិច្ចព្រមព្រៀង ប្រាប់ថ្នាក់ដឹកនាំអាហ្វហ្គានីស្ថាន។ ប៉ុន្តែព្រមពេលជាមួយគ្នា លោក Khalilzad ក៏បានបញ្ជាក់ដែរថា ការអនុម័តចង់ក្រោយនៃកិច្ចព្រមព្រៀងនេះ គឺអាស្រ័យទៅលើប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។
គួរជម្រាបថា គ្រាន់តែបទសម្ភាសន៍របស់លោក Zalmay Khalilzad ចាប់ផ្ដើមផ្សាយផ្ទាល់ ការវាយប្រហារបំផ្ទុះគ្រាប់បែកមួយបានកើតឡើងភ្លាមៗ ដោយផ្ដាច់ជីវិតមនុស្ស ០៥នាក់ និងរាប់សិបនាក់ទៀតរងរបួស។ រីឯក្រុមតាលីបង់បានចេញមុខទទួលខុសត្រូវ ខណៈមានការសង្ស័យជាច្រើនលើកឡើងថា កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងជម្លោះនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន អស់រយៈពេលជាង ១៨ឆ្នាំមកនេះ នឹងមិនសម្រេចបានឡើយ។ បច្ចុប្បន្នកងទ័ពអាមេរិក ១៤,០០០នាក់ កំពុងឈរនៅជើងនៅអាហ្វហ្គានីស្ថាននៅឡើយ៕