(តូក្យូ)៖ ជប៉ុននឹងមិនចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងយុទ្ធនាការបង្កើតកម្លាំងចម្រុះ ដើម្បីធានាសុវត្ថិភាពកប៉ាល់ដែលឆ្លងកាត់ផ្លូវទឹកសំខាន់ៗ នៅតំបន់មជ្ឈិមបូព៌ាឡើយ ប៉ុន្តែនឹងពិចារណាចល័តកងកម្លាំងដាច់ដោយឡែកខ្លួនឯង ទៅកាន់តំបន់នោះវិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានជប៉ុន យ៉ូមីអ៊ូរិ (Yomiuri) នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ២០១៩។
យោងតាមសារព័ត៌មាន Yomiuri រដ្ឋាភិបាលជប៉ុន កំពុងពិចារណាលើគម្រោងមួយ ស្តីពីការបញ្ជូនកងស្វ័យការពារដែនសមុទ្ររបស់ខ្លួន ក្នុងបេសកកម្មប្រមូលព័ត៌មាន ឲ្យទៅកាន់តំបន់នៅក្បែរច្រកសមុទ្រ ហ័រមូស (Hormuz) និងច្រកដឹកជញ្ជូន បាបអាល់ម៉ាន់ដាប (Bab al-Mandab) ដែលស្ថិតនៅចន្លោះប្រទេសយេម៉ែន, ជីបួទី (Djibouti) និងអេរីទ្រា (Eritrea) ខណៈការសម្រេចជាចុងក្រោយទំនងជានឹងប្រព្រឹត្តទៅ នៅប៉ុន្មានសប្តាហ៍ខាងមុខ។
គួរជម្រាបថា ជប៉ុនបានស្ទាក់ស្ទើរក្នុងការចូលរួមជាមួយសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់ខ្លួន នៅក្នុងកិច្ចប្រឹងប្រែងបង្កើតក្រុមចម្រុះអន្តរជាតិ សំដៅការពារសន្តិសុខតាមតំបន់សមុទ្រនៅមជ្ឈិមបូព៌ា ដោយសារតែទំនាក់ទំនងជិតស្និទ្ធ ផ្នែកសេដ្ឋកិច្ចជាមួយប្រទេសអ៊ីរ៉ង់ ពោលអ៊ីរ៉ង់គឺជាអ្នកផ្គត់ផ្គង់ប្រេងដ៏ធំមួយរបស់ជប៉ុន។
មកទល់ពេលនេះមានតែ ចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តអាមេរិកមួយចំនួនតូចប៉ុណ្ណោះ ដែលបានចូលរួមជាមួយទីក្រុងវ៉ាស៊ីនតោន នៅក្នុងយុទ្ធនាការខាងលើ ខណៈប្រទេសអឺរ៉ុបភាគច្រើនសុទ្ធតែមានការស្ទាក់ស្ទើរ ព្រោះតែការព្រួយបារម្ភថា វាអាចដុតកម្តៅនៃភាពតានតឹង នៅក្នុងតំបន់ជាមួយប្រទេសអ៊ីរ៉ង់៕