(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានចេញបញ្ជាឱ្យកងទ័ព ជាតិទាំងអស់ស្ថិតនៅក្នុងលក្ខណៈប្រុងជើងការខ្ពស់ ដើម្បីត្រៀមខ្លួនទប់ទល់នឹងការឈ្លានពាន ណាមួយពីសំណាក់កូឡុំប៊ី បន្ទាប់ពីអតីតមេបញ្ជាក្រុមឧទ្ទាមមួយប្រកាសបំពាក់អាវុធឡើងវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០១៩។
កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន អតីតមេបញ្ជាការក្រុមឧទ្ទាម FARC បានប្រកាសបំពាក់អាវុធឡើងវិញ នៅក្នុងវីដេអូមួយដែលគេជឿជាក់ថា ថតនៅលើទឹកដីវេណេស៊ុយអេឡា ដោយវាបានបង្កឱ្យមានការព្រួយ បារម្ភខ្លាចក្រែងជម្លោះប្រដាប់អាវុធផ្ទុះឡើងជាថ្មីនៅក្នុងប្រទេសកូឡុំប៊ី ហើយរាលដាលចូលមកក្នុងប្រទេសវេណេស៊ុយអេឡា។
ជុំវិញបញ្ហានេះដែរ តាមរយៈកញ្ចក់ទូរទស្សន៍នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក ម៉ាឌូរ៉ូ បានចេញបញ្ជាឱ្យកងទ័ពជាតិទាំងអស់ ប្រុងជើងការខ្ពស់ និងដឹកនាំការធ្វើសមយុទ្ធយោធា ជាការត្រៀមលក្ខណៈប្រឈមមុខនឹងការឈ្លានពានទាំងឡាយ។ លោក ម៉ាឌូរ៉ូ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានចេញបញ្ជាឱ្យកងទ័ពជាតិទាំងអស់ ប្រុងជើងការខ្ពស់នៅតាមតំបន់ព្រំដែន... ដើម្បីត្រៀមខ្លួនប្រឈមមុខនឹងការគំរាមកំហែង ឬឈ្លានពានណាមួយពីកូឡុំប៊ីមកលើវេណេស៊ុយអេឡា»។
គួរជម្រាបថា បើតាមលោក ម៉ាឌូរ៉ូ សមយុទ្ធយោធានឹងត្រូវប្រព្រឹត្តទៅពីថ្ងៃទី១០ ខែកញ្ញា រហូតដល់ ថ្ងៃទី២៩ ខែកញ្ញា នៅក្នុងរដ្ឋ ហ្សូលៀ (Zulia), តាជីរ៉ា (Tachira), អាភើ (Apure) និងរដ្ឋ អាម៉ាហ្សូណាស់ (Amazonas) ដែលសុទ្ធសឹងតែមានព្រំដែនជាប់ជាមួយកូឡុំប៊ី ហើយនេះក៏ជាសមយុទ្ធយោធាលើកទី ៣ នៅក្នុងឆ្នាំ២០១៩នេះផងដែរ៕