(ហុងកុង)៖ ផ្សារហ៊ុនដ៏សំខាន់ក្នុងទីក្រុងហុងកុង HSI បានកើនឡើង៣ភាគរយ នៅរសៀលថ្ងៃពុធនេះ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា រដ្ឋាភិបាលលោកស្រី Carrie Lam នឹងប្រកាសលុបចោល ជាផ្លូវការសេចក្ដីព្រាងច្បាប់ធ្វើបត្យាប័នជនសង្ស័យទៅកាន់ចិនដីគោក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០១៩។
បើតាមសារព័ត៌មាន South China Morning Post លោកស្រី Carrie Lam នាយកប្រតិបត្តិក្រុង ហុងកុង គ្រោងនឹងប្រកាសលុបចោលសេចក្ដីព្រាងច្បាប់ ធ្វើបត្យាប័នជនសង្ស័យទៅកាន់ចិនដីគោក យ៉ាងយូរនៅល្ងាចថ្ងៃពុធនេះ។ ប៉ុន្តែ ខាងរដ្ឋាភិបាលទីក្រុងហុងកុង មិនទាន់ធ្វើអត្ថាធិប្បាយពាក់ព័ន្ធ នឹងសេចក្ដីរាយការណ៍នេះទេ ខណៈការលុបចោលសេចក្ដីព្រាងច្បាប់នេះគឺជាសំណើដ៏សំខាន់មួយ ក្នុងចំណោមការទាមទារទាំង៥ របស់ក្រុមបាតុករ ក្នុងនោះរួមមានទាំងការស្នើឱ្យលោកស្រី Lam ចុះចេញពីតំណែងផងដែរ។
គួរជម្រាបថា បើតាមសេចក្ដីព្រាងច្បាប់ធ្វើបត្យាប័នជនសង្ស័យទៅកាន់ចិនដីគោក បុគ្គលទាំងឡាយ ណាដែលជាប់សង្ស័យថា បានប្រព្រឹត្តបទល្មើសនៅក្នុងទីក្រុងហុងកុង អាចនឹងប្រឈមមុខនឹងការ ធ្វើបត្យាប័នទៅកាត់នៅតុលាការចិនដីគោក។ ប៉ុន្តែ ក្រុមបាតុកហុងកុង ដែលប្រឆាំងជំទាស់នឹងច្បាប់ នេះ បានអះអាងថាបើវាត្រូវបានអនុម័តមែន នោះវានឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស័្វយភាព និងលទ្ធិប្រជាធិបតេយ្យរបស់ក្រុងហុងកុង៕