(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានទូរស័ព្ទដោយផ្ទាល់ទៅកាន់នាយករដ្ឋមន្ត្រីប្រទេសបាហាម៉ាស់ (Bahamas)លោក ហ៊ូប៊ឺត មីននីស (Hubert Minnis) ដើម្បីបញ្ជាក់អំពីការត្រៀមខ្លួនផ្តល់ជំនួយពេញទំហឹងរបស់អាមេរិក ចំពោះប្រទេសដីកោះមួយនេះ ក្រោយពីបានទទួលរងការវាយប្រហារយ៉ាងដំណំពីព្យុះហឺរីខិន ដូរៀន (Dorian) ដែលមានកម្រិតធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ។ នេះបើតាមការចេញផ្សាយដោយ Sputnik នារសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០១៩។
អាជ្ញាធរបាហាម៉ាស់បានប្រាប់កាសែតអាមេរិក Washington Post ថា ចំនួនមនុស្សស្លាប់គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានកើនឡើងដល់ ២០នាក់ហើយ នៅពេលដែលព្យុះហឺរីខិន Dorian បានបង្កើនឥទ្ធិពលដល់កម្រិតកំពូលតែម្តងកាលពីថ្ងៃអាទិត្យសប្តាហ៍មុន និងបានបោកបក់យ៉ាងដំណំ មកលើប្រទេសដីកោះនេះអស់រយៈពេល ៤០ម៉ោង មុននឹងបន្តឆ្ពោះទៅកាន់ភាគអាគ្នេយ៍សហរដ្ឋអាមេរិក។
ជុំវិញគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់នេះ លោក ដូណាល់ ត្រាំ បានទូរស័ព្ទដោយផ្ទាល់ទៅកាន់នាយករដ្ឋមន្ត្រីបាហាម៉ាស់ និងបានធានាយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយសព្វបែបយ៉ាង ដែលខ្លួនអាចធ្វើទៅបាន ទៅកាន់ប្រជាជនបាហាម៉ាស់ កំឡុងពេលដែលរដ្ឋាភិបាលបាហាម៉ាស់បានរៀបចំ និងទប់ទល់ព្យុះហឺរីខិន Dorian រួចទៅហើយ»។
គួរបញ្ជាក់ថា បើតាមអង្គការសហប្រជាជាតិវិញ ប្រជាជនបាហាម៉ាស់យ៉ាងហោចណាស់ជាង ៧០,០០០នាក់ កំពុងត្រូវការជំនួយសង្គ្រោះបន្ទាន់ទាំងចំណីអាហារ និងជម្រកស្នាក់នៅ។ សម្រាប់តំណាក់កាលបន្ទាន់ UN សម្រេចផ្តល់ជំនួយ ១លានដុល្លារ ដើម្បីដោះស្រាយទីជម្រក ទឹក និងចំណីអាហារសម្រាប់ប្រជាជនរងគ្រោះទាំងអស់របស់បាហាម៉ាស់។ Bahamas ជាប្រទេសដែលមានប្រជុំកោះតូច-ធំជាង ៧០០ ស្ថិតនៅក្នុងដែនសមុទ្រការីបៀន ទល់មុខរដ្ឋផ្លូរីដារបស់អាមេរិក និងមានប្រជាជនរស់នៅសរុប ៤សែននាក់ប៉ុណ្ណោះ៕