(វ៉ាស៊ីនតោន)៖ លេខទូរស័ព្ទដៃ ដែលភ្ជាប់ទៅនឹងគណនីអ្នកប្រើប្រាស់ Facebook ច្រើនជាង ៤០០លាននាក់ ត្រូវបានគេបង្ហាញនៅលើទិន្ន័យអនឡាញមួយ ដោយគ្មានលេខកូដសំងាត់ ឬ Password ការពារនោះទេ។ នេះបើតាមគេហទំព័រ TechCruch ដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០១៩។
យោងតាម គេហទំព័របច្ចេកវិទ្យា TechCruch ការធ្វើឱ្យបែកធ្លាយលេខទូរស័ព្ទអ្នកប្រើប្រាស់ Facebook ៤១៩លាននាក់ខាងលើ ក្នុងនោះមាន១៣៣នាក់ នៅសហរដ្ឋអាមេរិក ច្រើនជាង ៥០លាននាក់ នៅក្នុងប្រទេសវៀតណាម និង១៨លាននាក់ នៅអង់គ្លេស។ បន្ថែមពីលើនេះ TechCruch បានបន្ថែមថា ក្រៅពីលេខទូរស័ព្ទ ព័ត៌មានឯកជនមួយចំនួនដូចជា ភេទ និងទីតាំង របស់អ្នកប្រើប្រាស់រាប់រយលាននាក់ទាំងនេះ ក៏ត្រូវលេចធ្លាយដោយពុំមាន Password ការពារ ផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Facebook បានទទួលស្គាល់ពីព័ត៌មានលេចធ្លាយទិន្នន័យឯកជនរបស់ អ្នកប្រើប្រាស់ខាងលើ ដោយសារបញ្ហាបច្ចេកទេស។ ប៉ុន្តែ អះអាងថាវាមិនមានអ្វីធ្ងន់ធ្ងរឡើយ ដ្បិត គណនីជាងពាក់កណ្ដាល គឺស្ទួន និងជាទិន្នន័យចាស់ៗតែប៉ុណ្ណោះ៕