(ហុងកុង)៖ ក្រុមបាតុករមួយចំនួននៅហុងកុង កំពុងត្រៀមខ្លួនសម្រាប់ការធ្វើបាតុកម្មជាថ្មីទៀតនៅចុងសប្តាហ៍នេះ បើទោះជាអភិបាលក្រុង លោកស្រី ខារី ឡាំ (Carrie Lam) បានសុខចិត្តយល់ព្រមលុបចោលជាផ្លូវការតែម្តង នូវផែនការអនុម័តច្បាប់ធ្វើបត្យាប័នក៏ដោយ។ នេះបើតាមការដក ស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី០៦ ខែកញ្ញា ឆ្នាំ២០១៩។
ក្រុមបាតុករបានគ្រោងបិទផ្លូវធ្វើដំណើរឆ្ពោះទៅកាន់ អាកាសយានដ្ឋានអន្តរជាតិក្រុងហុងកុង នៅថ្ងៃសៅរ៍ស្អែក។ នាថ្ងៃសុក្រនេះអាជ្ញាធរព្រលានយន្តហោះទីក្រុងហុងកុង បានទទូចដល់ក្រុមបាតុករកុំឲ្យបង្កភាពរាំងស្ទះ ដល់ការធ្វើដំណើររបស់អ្នកដំណើររាប់សែននាក់ ដែលប្រើប្រាស់អាកាសយានដ្ឋាននេះជារៀងរាល់ថ្ងៃ។ នៅល្ងាចថ្ងៃសុក្រនេះ ក៏នឹងមានការប្រមូលផ្តុំគ្នា ដែលត្រូវបានគ្រោងឡើងផងដែរនៅតាមទីតាំងផ្សេងៗ រួមមានដូចជាស្ថានីយរថភ្លើង និងក្បែរអគាររដ្ឋាភិបាលជាដើម។
គួរជម្រាបថា កាលពីថ្ងៃពុធសប្តាហ៍នេះអភិបាលទីក្រុងហុងកុង លោកស្រី Carrie Lam បានប្រកាសលុបចោលច្បាប់ធ្វើបត្យាប័ន ដែលជាដើមហេតុដំបូងនាំឲ្យមាន ចលនាបាតុកម្មដ៏កក្រើកនៅហុងកុង។ យ៉ាងណាមិញ អំឡុងការធ្វើបាតុកម្មជាង ១០សប្តាហ៍មកនេះ ក្រុមបាតុករបានដាក់ការទាមទារធំៗ ០៤ចំណុចទៀត ហើយខ្លះបានលើកឡើងថា ទង្វើរបស់លោកស្រី Lam គឺហាក់ដូចជាយឺតពេលបន្តិចហើយ៕