(បាងកក)៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃព្រហស្បតិ៍នេះបានចេញសារក្រើនរំលឹកអំពីគ្រោះមហន្តរាយទឹកជំនន់នៅភាគឦសានប្រទេស ជាពិសេសនៅខេត្តអ៊ូប៊ុនរ៉ាត់ឆាថានី (Ubon Ratchathani) ខណៈប្រជាជននានាត្រូវបានណែនាំឲ្យត្រៀមប្រឈមមុខគ្រោះទឹកជំនន់នៅយប់ថ្ងៃនេះ និងថ្ងៃសុក្រស្អែក។ នេះបើតាមការចេញផ្សាយដោយស៊ីនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០១៩។
សារព្រមាន និងសេចក្តីណែនាំរបស់នាយករដ្ឋមន្ត្រីខាងលើនេះ ត្រូវបានធ្វើឡើងតាមរយៈគណនី Facebook និង Twitter ផ្លូវការរបស់លោក។ បន្ថែមពីនេះកងកម្លាំងយោធាប្រមាណ ៤,០០០នាក់ ត្រូវបានបញ្ជាឲ្យចេញប្រតិបត្តិការសង្គ្រោះប្រជាជន នៅខេត្តខាងលើនេះផងដែរ។ កងកម្លាំងយោធាទាំងអស់នេះ នឹងត្រូវសហការជាមួយក្រុមប្រជាជនស្ម័គ្រចិត្តដើម្បីត្រៀមសង្គ្រោះប្រជាជន នៅបណ្តាខេត្តភាគខាងជើង និងឦសានដោយប្រើប្រាស់ទូកសង្គ្រោះ ២៥គ្រឿង។
គួរបញ្ជាក់ថា ខេត្ត Ubon Ratchathani គឺជាខេត្តមួយដែលរងគ្រោះធ្ងន់ជាងគេ ក្នុងចំណោមខេត្តចំនួន ០៧ របស់ប្រទេសថៃ ដែលកំពុងរងគ្រោះដោយទឹកជំនន់ បន្ទាប់ពីព្យុះចំនួនពីរឈ្មោះ កាជីគិ (Kajiki) និង ផូឌុល (Podul) បានវាយប្រហារបណ្តាខេត្តប្រទេសនៃនេះចំនួន ៣២ ចាប់តាំងពីចុងខែសីហា៕