(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលស្គាល់ជាផ្លូវការហើយថា Hamza Bin Laden ដែលជាកូនប្រុសនៃអតីតមេដឹកនាំក្រុមអាល់កៃដា Osama Bin Laden ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ២០១៩។

ការទទួលស្គាល់ខាងលើរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ខ្លីមួយ ចេញផ្សាយដោយសេតវិមានកាលពីថ្ងៃសៅរ៍ (ម៉ោងនៅវ៉ាស៊ីនតោន)។ សេចក្ដីថ្លែងការណ៍ដដែល បានបញ្ជាក់ដូច្នេះថា៖« Hamza Bin Laden សមាជិកជាន់ខ្ពស់ក្រុមអាល់កៃដា និងជាកូនប្រុស Osama Bin Laden ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធាប្រឆាំងភេរវកម្មដឹកនាំដោយ សហរដ្ឋអាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ឬប៉ាគីស្ថាន»

គួរជម្រាបថា Hamza Bin Laden មានអាយុប្រហែលជា៣០ឆ្នាំ ត្រូវបានសហរដ្ឋអាមេរិក ចាត់ទុកថាជាមេភេរវករអន្តរជាតិកាលពីជាង២ឆ្នាំមុន និងជាមេដឹកនាំអាល់កៃដាបន្តវេនពីឪពុក របស់ខ្លួន។ បន្ថែមពីលើនេះ សហរដ្ឋអាមេរិកកាលពីខែកុម្ភៈ កន្លងទៅ ក៏បានប្រកាសដែរពីផ្ដល់ ប្រាក់រង្វាន់មួយលានដុល្លារ សម្រាប់ការផ្ដល់ព័ត៌មានទាំងឡាយណាដែលនាំទៅរកកន្លែងលាក់ខ្លួន ឬក៏អាចសម្លាប់ Hamza Bin Laden៕