(វ៉ាស៊ីនតោន)៖ មន្រ្តីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា ការវាយប្រហារលើមូលដ្ឋានប្រេងរបស់អារ៉ាប៊ីសាអូឌីត កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ទំនងជាស្នាដៃរបស់អ៊ីរ៉ង់ទៅវិញទេ ហើយអាវុធដែលត្រូវបានប្រើប្រាស់គឺមិនមែនដ្រូនឡើយ តែអាចជាមីស៊ីលចង្អុលទិសទៅវិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩។

មន្រ្តីអាមេរិកខាងលើបានលើកឡើងថា យោងតាមភស្តុតាងនៅកន្លែងកើតហេតុ ទិសដៅនៃប្រភពវាយប្រហារ គឺចេញមកពីម្តុំៗតំបន់ខាងលើអារ៉ាប៊ីសាអូឌីត រួមមានអ៊ីរ៉ាក់ និងអ៊ីរ៉ង់ មិនមែនចេញមកពីភាគខាងត្បូង ដែលជាប្រទេសយេម៉ែននោះឡើយ។ បើតាមមន្រ្តីអាមេរិករូបនោះ អាជ្ញាធរអារ៉ាប៊ីសាអូឌីតបានក៏អះអាងដែរថា ពួកគេទំនងជាបានឃើញសញ្ញានៃការប្រើប្រាស់មីស៊ីលចង្អុលទិស នៅក្នុងការវាយប្រហារនោះ។

មន្រ្តីអាមេរិកក៏បានចោទប្រកាន់ចំៗតែម្តងថា គ្មាននរណាផ្សេងឡើយក្រៅពីអ៊ីរ៉ង់ ដែលនៅពីក្រោយរឿងនេះ ខណៈអ៊ីរ៉ង់បានចេញមុខទាត់ចោលការចោទប្រកាន់។ កាលពីប៉ុន្មានខែកន្លងទៅ សម្រាប់ករណីវាយប្រហារលើកប៉ាល់ដឹកប្រេង នៅដែនសមុទ្រនៃតំបន់មជ្ឈិមបូព៌ា ទីក្រុងវ៉ាស៊ីនតោនក៏បានចោទប្រកាន់ថា ជាទង្វើរបស់ទីក្រុងតេហេរ៉ង់ដូចនេះដែរ គឺភ្លាមៗបន្ទាប់ពីបញ្ហាកើតឡើងតែម្តង។

គួរជម្រាបថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន មូលដ្ឋានប្រេងចំនួន ០២កន្លែងរបស់ក្រុមហ៊ុនប្រេងរដ្ឋ អារ៉ាមកូ (Aramco) នៅភាគខាងកើតប្រទេសអារ៉ាប៊ីសាអូឌីត បានរងការឆាបឆេះដោយសារការវាយប្រហារ ដែលគ្រានោះអារ៉ាប៊ីសាអូឌីតអះអាងថា ធ្វើឡើងដោយយន្តហោះដ្រូន តែមិនបានដាក់ការសង្ស័យលើក្រុមណាជាអ្នកប្រព្រឹត្តឡើយ។ ក្រោយមកក្រុមឧទ្ទាម ហួធី (Houthi) នៅប្រទេសយេម៉ែនក៏បានចេញមុខប្រកាសថា វាជាស្នាដៃរបស់ពួកគេ តាមរយៈការប្រើយន្តហោះដ្រូនប្រមាណ ១០គ្រឿង។

អ្វីដែលគួរឲ្យកត់សម្គាល់ ប៉ុន្មានខែចុងក្រោយនេះក្រុមឧទ្ទាម Houthi បានប្រើដ្រូនវាយប្រហារលើព្រលានយន្តហោះ និងមូលដ្ឋានប្រេងរបស់អារ៉ាប៊ីសាអូឌីតជាបន្តបន្ទាប់។ ដោយឡែកជុំវិញការលើកឡើងរបស់ អាមេរិកខាងលើនេះ គឺមិនទាន់មានភស្តុតាងណាមួយអមមកជាមួយនោះឡើយ៕