(ស៊ីដនី)៖ ទីភ្នាក់ងារស៊ើបការណ៍សំងាត់អូស្ត្រាលី (ASD) បានអះអាងថា ចិនបានវាយប្រហារព័ត៌មានវិទ្យា ឬ Hack លើសភាជាតិ និងគណបក្សធំៗចំនួនបីនៅក្នុងប្រទេសអូស្ត្រាលី មុនការបោះឆ្នោតសកលកាលពីខែឧសភាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩។
ទីភ្នាក់ងារ Reuters ផ្អែកលើប្រភពពីមន្ត្រីអូស្រ្តាលីចំនួន ០៥រូប ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះក៏បានបញ្ជាក់ទៀតផងដែរថា ASD បានធ្វើការសន្និដ្ឋានត្រង់ៗតែម្ដងកាលពីខែមីនាថា ក្រសួងសនិ្តសុខចិនគឺជាអ្នកនៅពីក្រោយ ការវាយប្រហារព័ត៌មានវិទ្យានេះ។ ប៉ុន្តែទន្ទឹមគ្នាក្រសួងការបរទេសអូស្ត្រាលី បានផ្ដល់អនុសាសន៍ «កុំឱ្យបញ្ចេញរបាយការណ៍សំងាត់នេះឱ្យសោះ» ព្រោះខ្លាចប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្ម ជាមួយនិងទីក្រុងប៉េកាំង។
ម្យ៉ាងវិញទៀត ការិយាល័យនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត ម័ររីសុន (Scott Morrison) បានបដិសេធធ្វើអត្ថាធិប្បាយទៅនឹងសំណួររបស់ Reuters ហើយក៏មិនបានបញ្ជាក់ឱ្យច្បាស់ថា នរណាជាអ្នកនៅពីក្រោយខ្នង ការវាយប្រហារព័ត៌មានវិទ្យានេះដែរ ខណៈក្រសួងការបរទេសចិន ទាត់ចោលរបាយការណ៍ខាងលើ៕