(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក CIA បានបញ្ចេញឯកសារសំងាត់មួយរបស់ខ្លួន ដោយបង្ហាញពីរបៀបធ្វើបេសកកម្មស៊ើបការណ៍សំងាត់ ដែលធ្វើឱ្យសហរដ្ឋអាមេរិកយកឈ្នះ អតីតសហភាពសូវៀតកំឡុងសម័យសង្រ្គាមត្រជាក់។ ប៉ុន្តែអ្វីដែលអស្ចារ្យ បើតាមឯកសារសំងាត់ នេះ CIA បានប្រើប្រាស់វិធីស៊ើបការណ៍មានចាប់តាំងសត្វពា្រប សត្វឆ្មា ត្រីដូលហ្វីន (dolphins) និងការដាក់ថ្នាំពុលនៅក្នុងបារី Cigars ជាដើម។
* ព្រាបស៊ើបការណ៍
សត្វព្រាបស៊ើបការណ៍ដែល CIA ប្រើ និងបង្ហាត់ឱ្យធ្វើចារកម្មនៅក្នុងសម័យសង្រ្គាមត្រជាក់មាន ឈ្មោះក្រោមបេសកកម្មថា Tacana។ សត្វព្រាបទាំងនេះត្រូវបាន CIA ប្រើដើម្បីបំពាក់ឧបករណ៍ ស៊ើបការណ៍ថតរូបភាពពីលើទីតាំងជាច្រើន នៅក្នុងសហភាពសូវៀត ហើយសត្វព្រាបនេះត្រូវបានគេជ្រើសរើសឱ្យធ្វើចារកម្ម ដោយសារតែវាមានភាពវៃឆ្លាតក្នុងការហោះហើរត្រឡប់មករក CIA វិញ។
* ត្រី dolphins
ត្រី dolphins ត្រូវបាន CIA បង្វឹក និងប្រើឱ្យស៊ើបការណ៍សំងាត់ពីនាវាមុជទឹករបស់សហភាព សូវៀតនៅក្រោមសមុទ្រ ជាមួយការបំពាក់នូវឧបករណ៍ និង sensors ចាប់សញ្ញានាវាមុជទឹក ព្រមទាំងសារធាតុវិទ្យសកម្ម។ មិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិកក៏ធ្លាប់បានព្យាយាមប្រើប្រាស់ត្រី ដ៏ឆ្លាតមួយដឹកនាំបេសកកម្មវាយប្រហារ នៅក្រោមសមុទ្រប្រឆាំងនឹងនាវារបស់សត្រូវទៀតផង។
* ការដាក់ថ្នាំពុលនៅក្នុងបារី cigars
ការដាក់ថ្នាំពុលនៅក្នុងបារី cigars ត្រូវបានទីភ្នាក់ងារស៊ើបការណ៍សំងាត់ CIA ប្រើប្រាស់ដើម្បី សម្លាប់អតីតមេដឹកនាគុយបា លោក Fidel Castro។ CIA ធ្លាប់មានគម្រោងសម្លាប់ លោក Castro ដោយប្រើថ្នាំពុលក្នុង cigars នៅឆ្នាំ១៩៦០ ដោយសារតែដឹងថា មេដឹកនាំគុយបារូបនេះចូលចិត្តជក់ cigars។ លើសពីនេះទៅទៀត cigars របស់ CIA ក៏ត្រូវបានមនុស្សមិនស្គាល់អត្តសញ្ញាណម្នាក់ ប្រគល់ឱ្យលោក Castro ផងដែរនៅឆ្នាំ១៩៦១ តែមេដឹកនាំគុយបារូបនេះមិនដែលជក់ cigars នោះឡើយ។
* ការបំពាក់ឧបករណ៍លួចស្ដាប់ក្នុងខ្លួនសត្វឆ្មា
ទីភ្នាក់ងារស៊ើបការណ៍ CIA បានចំណាយប្រាក់ ១៤លានដុលា្លរ ដើម្បីអភិវឌ្ឍន៍ និងដំឡើងឧបករណ៍លួចស្ដាប់នៅក្នុងខ្លួនសត្វឆ្មា កំឡុងឆ្នាំ១៩៦០។ ឆ្មាចារកម្មត្រូវបានវះកាត់ដាក់បញ្ចូល microphone និងឧបករណ៍បញ្ជូនរលកសំឡេង ដើម្បីស៊ើបការណ៍សំងាត់លើស្ថានទូតនានា នៃអតីតសហភាពសូវៀត៕
ប្រភព៖ សារព័ត៌មានរុស្ស៊ី RT (ថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩)