(ម៉ូស្គូ)៖ យោធារុស្ស៊ីប្រចាំតំបន់ភាគខាងជើងនាថ្ងៃចន្ទនេះបានប្រកាសថា ប្រព័ន្ធមីស៊ីល S-400 ត្រូវបានដាក់ពង្រាយនៅប្រជុំកោះ ណូវ៉ាយ៉ា ហ្សិមលីយ៉ា (Novaya Zemlya) លើផ្ទៃមហាសមុទ្រទឹកកកអាក់ទិក។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩។
យោងតាមសេចក្តីប្រកាសខាងលើ កងអង្គភាពការពារដែនអាកាសរបស់យោធារុស្ស៊ីភាគខាងជើង ដែលប្រចាំការលើដែនកោះ យូស្នី (Yuzhny) នៃទីប្រជុំកោះ Novaya Zemlya ត្រូវបានផ្លាស់ប្តូរឲ្យប្រើប្រាស់ប្រព័ន្ធ S-400 ដែលជាប្រព័ន្ធមីស៊ីលការពារគោលដៅលើផ្ទៃអាកាសស៊េរីថ្មីវិញ ខណៈកន្លងមកប្រព័ន្ធ S-300 ត្រូវបានដាក់ឲ្យធ្វើប្រតិបត្តិការនៅទីនោះ។
គួរជម្រាបថា រុស្ស៊ីកំពុងតែបង្កើនសកម្មភាពរបស់ខ្លួនជាខ្លាំង ទាំងផ្នែកយោធា ពាណិជ្ជកម្ម ការស្រាវជ្រាវរុករកនៅឯតំបន់អាក់ទិច ដែលប្រការនេះបានបង្កឲ្យមានការរិះគន់ ពីប្រទេសមួយចំនួន ជាពិសេសសហរដ្ឋអាមេរិកតែម្តង ដែលបានចោទរុស្ស៊ីថា កំពុងប្រឹងប្រែងពង្រីកឥទ្ធិពលរបស់ខ្លួននៅទីនោះ។ ជាការឆ្លើយតបក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់ថា សកម្មភាពរបស់រុស្ស៊ីមិនមាន គោលដៅបង្កការគំរាមកំហែង ដល់ប្រទេសណាផ្សេងឡើយ។
ដើម្បីបញ្ចៀសបញ្ហាជម្លោះនៅតំបន់អាក់ទិក ប្រទេសនៅជុំវិញតំបន់នេះរួមមានកាណាដា ដាណឺម៉ាក ហ្វាំងឡង់ អ៊ីស្លង់ ន័រវែស រុស្ស៊ី ស៊ុយអែត និងសហរដ្ឋអាមេរិក បានរួមគ្នាបង្កើតក្រុមប្រឹក្សាតំបន់អាក់ទិកឡើង ដើម្បីធ្វើជាវេទិកាអន្តរជាតិសម្រាប់ពង្រឹង កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងនោះ នៅតំបន់មហាសមុទ្រទឹកកកនេះ៕