(សេអ៊ូល)៖ មេដឹកនាំគណបក្សប្រឆាំង លោក វ៉ាង ក្យូអាន (Hwang Kyo-ahn) បានក្លាយជាអ្នកនយោបាយកូរ៉េខាងត្បូងចុងក្រោយគេបំផុត ដែលបានកោរសក់នៅចំពោះមុខមហាជន ដើម្បីសម្ដែងការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩។
លោក Hwang Kyo-ahn បានកោរសក់របស់លោកនៅចំពោះមុខអ្នកគាំទ្រ និងអ្នកសារព័ត៌មាននៅខាងក្រៅវិមានប្រធានាធិបតី កាលពីល្ងាចថ្ងៃចន្ទ ហើយការធ្វើបែបនេះរបស់លោកគឺដើម្បីសម្ដែងការតវ៉ា និងទាមទារឱ្យរដ្ឋមន្ត្រីយុត្តិធម៌ លោក ចូ គុក (Cho Kuk) ចុះចេញ ឬត្រូវបណ្ដេញពីតំណែងដោយលោក មូន ជែអ៊ីន។ លោក Cho ដែលជាអតីតសាស្ត្រាចារ្យច្បាប់ និងជាមនុស្សជំនិតម្នាក់របស់លោក មូន បានឡើងកាន់តំណែងជារដ្ឋមន្ត្រីយុត្តិធម៌ កាលពីសប្ដាហ៍មុន។
ប៉ុន្តែក្រុមអ្នករិះគន់បានជំទាស់យ៉ាងខ្លាំងចំពោះការតែងតាំងនេះ ដោយសារតែគ្រួសារលោក Cho ជាពិសេសគឺប្រពន្ធរបស់លោក ត្រូវបានគេចោទប្រកាន់កន្លងមកពីបទពុករលួយ និងលួចជួយកូនស្រីរបស់ខ្លួនឱ្យចូលរៀន នៅសាកលវិទ្យាល័យថ្នាក់អាហារូបករណ៍ ហើយដែលការបែកធ្លាយព័ត៌មាននេះ បានធ្វើឱ្យក្រុមនិស្សិតដទៃផ្ទុះកំហឹងជាខ្លាំង។
គួរបញ្ជាក់ថា លោក Hwang Kyo-ahn គឺជាអ្នកនយោបាយទី ៣ ហើយដែលបានកោរសក់ ដោយកាលពីសប្ដាហ៍មុន តំណាងរាស្ត្រជាស្រ្តីពីររូបក៏បានកោរសក់នៅទីសាធារណៈ ដើម្បីសម្ដែងការជំទាស់នឹងការតែងតាំងលោក Cho Kuk ផងដែរ។ ការកោរសក់ គឺជាប្រពៃណីតវ៉ាប្រឆាំងជំទាស់មួយ នៅក្នុងប្រទេសកូរ៉េខាងត្បូង មានអាយុកាលជាយូរណាស់មកហើយ និងមានទម្ងន់ធ្ងន់ផងដែរចំពោះការតវ៉ាបែបនេះ៕